បរទេស ៖ ប្រភពយោធាអ៊ុយក្រែនបាននិយាយថា «រុស្ស៊ីបានបង្កើនចំនួននាវាដែលបំពេញកាតព្វកិច្ចសកម្មទ្វេដងនៅសមុទ្រខ្មៅកាលពីថ្ងៃសុក្រទី២៤កុម្ភៈ ឆ្នាំ២០២៣ ហើយបានព្យាករណ៍ថា នេះអាចជាការត្រៀមខ្លួនសម្រាប់ការវាយប្រហារមីស៊ីលបន្ថែមទៀតនៅពេលឆាប់ៗខាងមុខ»។
ចំណែកកងទ័ពជើងទឹករុស្ស៊ី បានបាញ់មីស៊ីលជាប្រចាំពីកងសមុទ្រខ្មៅរបស់ខ្លួន ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងមូស្គូ ដើម្បីតម្រង់គោលដៅទៅលើហេដ្ឋារចនាសម្ពន្ធសំខាន់ៗ និង កន្លែងផលិតថាមពលរបស់អ៊ុយក្រែន។
ឯនៅទីបញ្ជាការយោធានៅតំបន់ភាគខាងត្បូងបានឱ្យដឹងនៅក្នុងដំណឹងថ្មីបង្ហោះលើ Facebook ថា «នៅសមុទ្រខ្មៅ កងនាវាចម្បាំងបានកើនឡើងទ្វេដងបើធៀបនឹងព្រឹកនេះ ឥឡូវនេះវាមានចំនួនប្រាំបីគ្រឿងហើយ»។
មន្ត្រីទីបញ្ជាការនេះបាននិយាយថា «ផ្អែកតាមប្រវត្តិនៃសកម្មភាពវាយប្រហារតាមអាកាសរបស់សត្រូវប្រភេទបែបនេះ វាអាចបង្ហាញថា ការវាយប្រហារដោយមីស៊ីលក៏ដូចជាការវាយប្រហារដោយដ្រូនកំពុងជិតកើតឡើងហើយ»។
នាវាមួយក្នុងចំណោមនាវាទាំងនោះគឺជានាវាចម្បាំងបំពាក់ជាមួយមីស៊ីល Kalibr ចំនួនប្រាំបីគ្រាប់។ កាលពីថ្ងៃសៅរ៍កន្លងទៅ អ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីល Kalibr ចំនួនបួនគ្រាប់ពីសមុទ្រខ្មៅ ដែលពីរគ្រាប់ត្រូវបានស្ទាក់បាញ់ទម្លាក់។ ចំណែកកងសមុទ្រខ្មៅរបស់រុស្ស៊ីមានមូលដ្ឋាននៅឧបទ្វីបគ្រីម៉េ ដែលរដ្ឋាភិបាលក្រុងមូស្គូបានកាត់យកក្នុងឆ្នាំ ២០១៤កន្លងទៅ ៕ ប្រែសម្រួលដោយ លោកសំណាង