ភ្នំពេញ ៖ បុរសម្នាក់អនិកជនខ្មែរអាមេរិកវ័យ៦៨ឆ្នាំ លួចធ្វើដំណើរមកកម្ពុជាស្ងាត់ៗមិនឱ្យប្រពន្ធដឹង រួចធ្វើសកម្មភាពវាយប្រពន្ធឱ្យសន្លប់ រួចតខ្សែភ្លើងឆក់បន្ថែមឱ្យស្លាប់រួចរៀបចំ ដាក់វ៉ាលីតែត្រូវបែកការដល់សាច់ញាតិខាងប្រពន្ធដឹងរឿង រួចបុរសនោះក៏ជិះម៉ូតូគេចខ្លួនបាត់ពីកន្លែងហេតុនិងបានចាក់សោទុកកូនស្រីនៅក្នុងផ្ទះទៀតផង។
អំពើឃោរឃៅសម្លាប់ប្រពន្ធខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ១១A ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ហើយសមត្ថកិច្ចបានទទួលដំណឹងឃាតកម្មនេះ នៅម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះកែវ ស្រីមុំ អាយុ៣៨ឆ្នាំ មុខរបរបើកហាងសាឡន នៅម្តុំបុរី១០០ខ្នងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ រីឯជនសង្ស័យជាប្តីឈ្មោះ មូល ណេត អាយុ៦៨ឆ្នាំ ជាខ្មែររស់នៅអាមេរិក ចេញចូលមកកម្ពុជា ម្តងម្កាល និងបានចំណងដៃកូនស្រីម្នាក់អាយុ៩ឆ្នាំ ដោយពួកគេទាំង២នាក់បានសែនព្រេនទទួលស្គាល់និងដឹងឮដោយចាស់ទុំ ។
ប្រភពពីបងប្អូនជនរងគ្រោះបាននិយាយថា ប្ដីប្រពន្ធនេះបានរៀបការជាមួយគ្នារយៈពេលជាង១០ឆ្នាំមកហើយ និងបានកូនស្រីអាយុជាង៩ឆ្នាំម្នាក់ ។ប៉ុន្តែក្រោយរៀបការរួចបុរសជាប្ដីបានទៅរស់នៅឯសហរដ្ឋអាមេរិកបាត់ ដោយទុកឱ្យប្រពន្ធរស់នៅស្រុកខ្មែរជាមួយកូន។បុរសនោះប្រចណ្ឌប្រពន្ធខ្លាំងណាស់ ហើយគាត់ក៏ពុំមកស្រុកខ្មែរញឹកញាប់ឡើយ ប៉ុន្តែបើរឿងប្រចណ្ឌឈ្លោះវិញ កើតឡើងញឹកញាប់ណាស ភាគច្រើនឈ្លោះគ្នាតាមអនឡាញ។
ប្រភពពីកូនស្រីរងគ្រោះបានឱ្យបានដឹងថា «នៅវេលាម៉ោងជាងវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២៣ ថ្ងៃកើតហេតុខាងលើ ម្តាយរៀបចំប្រុងជូនខ្លួនទៅសាលារៀន ក៏បានឃើញជនដៃដល់ជាឪពុករូបនេះទៅដល់ផ្ទះដោយស្ងាត់ៗដែលពុំដឹងថាមកពីសហរដ្ឋអាមេរិកពីពេលណាទេ»។
នាងបន្តថា «ពេលចូលដល់ផ្ទះបុរសនេះបានបិទទ្វារឈ្លោះជាមួយម្តាយនាងជាខ្លាំង ហើយខណៈនោះមានតែនាងម្នាក់ប៉ុណ្ណោះ នៅក្នុងផ្ទះជាមួយពួកគេ ចំណែកសាច់ញាតិបងប្អូននៅផ្ទះផ្សេង ហើយក៏គ្មាននរណាម្នាក់ចាប់អារម្មណ៍ថាមានរឿងដល់ការសម្លាប់គ្នាបែបនះឡើយ ព្រោះនឹកស្មានថា អ្នកទាំង២គ្រាន់តែឈ្លោះគ្នានៅពាក្យសម្ដីដូចពេលកន្លងមក»។
នាងជាកូនស្រីបានបន្តទៀតថា «ឪពុកនាងបយកមេសោវាយទៅលើម្ដាយនាង រួចចាប់អូសម្ដាយនាងចូលទៅក្នុងបន្ទប់ទឹករួចយកខ្សែភ្លើងឆក់បន្ថែមទៀត។មិនតែប៉ុណ្ណោះបម្រុងវាយសម្លាប់នាងទៀត តែនាងបានឆាតទៅមីងឱ្យដឹងពីដំណឹងនេះ»។
ចំណែកបងប្អូនជនរងគ្រោះបានប្រាប់ទៀតថា «ពេលចូលទៅដល់នាងបានស្រែកសួររកមីង ហើយជនដៃដល់អត់ប្រាប់ទេ ព្រមទាំងប្រវាយប្រតប់ជាមួយក្មួយស្រីរូបនោះថែមទៀត រួចក៏រត់ចេញក្រៅហើយបានបិទទ្វារចាក់សោពីខាងក្រៅជាប់ ជិះម៉ូតូគេចខ្លួនបាត់តែម្តង»។
បន្ទាប់មកបាននាំគ្នាទម្លាយទ្វារផ្ទះចូលទៅយកជនរងគ្រោះទៅសង្រ្គោះ ប៉ុន្តែពេលទៅដល់ពេទ្យគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ។ក្រោយមកទើបដឹកសពត្រឡប់មកផ្ទះវិញនិងរាយការណ៍ជូននគរបាលចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យ ព្រមទាំស្រាវជ្រាវរកចាប់ខ្លួនជនដៃដល់ដែលជាឃាតករខាងលើចាត់ការតាមច្បាប់៕(ដោយសំណាង៩៦)