ភ្នំពេញ ៖ បុរសជនជាតិវៀតណាម្នាក់ បានដេកស្លាប់រហូតធុំក្លិន បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២ ថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចដីឡូតិ៍គ្មានលេខ បន្ទប់ជួលលេខ៦ ក្រុមទី៧ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចនិយាយថា សាកសពឈ្មោះ សុខ ពៅ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ វៀតណាម មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល កើតហេតុខាងលើ។
យោងតាមការបំភ្លឺរបស់ឈ្មោះ ង្វៀង ធីម៉ាយ អាយុ ៧១ឆ្នាំ (សង្ស័យថាមានជម្ងឺចាស់វង្វេង) ត្រូវជាយាយរបស់សពបានឱ្យដឹងថា «កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នាងខ្ញុំបានឮចៅប្រុសខ្ញុំវាដេកថ្ងូរថាចុកពោះ ហើយខ្ញុំក៏ដើរទៅថ្នាំពេទ្យមកឲ្យវាលេប, ក្រោយពេលលេបរួចវាក៏ដេកលើគ្រែ ចំណែកខ្ញុំក៏ទាញទ្វារបន្ទប់បិទ ដើរចេញទៅសុំទានគេក្នុងផ្សារច្បារអំពៅ។
លុះដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១២ អ្នកជិតខាងបន្ទប់នាំគ្នាផ្អើលធំក្លិនស្អុយចេញពីបន្ទប់ខ្ញុំដែលស្នាក់នៅតែ២នាក់ចៅ ដោយប្រាប់ថា«ចៅខ្ញុំស្លាប់ហើយ»។
បើតាមការបំភ្លឺរបស់ឈ្មោះ ប៉េង រ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ (ស្នាក់នៅបន្ទប់ជិតខាងគ្នា) បានឱ្យដឹងថា យាយឈ្មោះង្វៀង ធីម៉ាយ និងចៅប្រុស ឈ្មោះ សុខ ពៅ បានមកជួលបន្ទប់ស្នាក់នៅជិត៣ខែហើយ ពុំដែលឃើញឈ្មោះ សុខពៅ (សព) ចេញក្រៅបន្ទប់ ឬ ផឹកសុីអ្វីឡើយ តែឧស្សាហ៍ឮសម្លេង(សព) តែងតែស្រែកថ្ងូរថាចុកពោះ ខ្លាំងស្ទើរតែរាល់ថ្ងៃ ប្រហែលជាមានជំងឺប្រចាំកាយ ។ចំណែកឯ យាយឈ្មោះ ង្វៀង ធីម៉ាយ ដូចជាមានជំងឺចាស់វង្វេង ព្រោះគាត់តែងតែ វង្វេងដើរចូលផ្ទះគេ និង ដើរសុំលុយគេតាមផ្សារដើម្បីទិញបាយឱ្យចៅហូប។
សាក្សីបន្តថា តែ២-៣ថ្ងៃក្រោយក៏ស្ងាត់មិនឮសម្លេងឈ្មោះ សុខ ពៅ ស្រែកថ្ងូរទៀតសោះ លុះដល់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង ១២ ចេះតែមានក្លិនស្អុយខ្លាំង ចេញពីបន្ទប់កើតហេតុ អ្នកជិតខាងបានយាយ ង្វៀង ធីម៉ាយ ទៅបើកទ្វាបន្ទប់មើល ទើបដឹងថា ឈ្មោះ សុខ ពៅ ស្លាប់មិនដឹងតាំងពីពេលណាឡើយ រួចក៏រាយការណ៍ឱ្យសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមើលតែម្តង។
តាមការពិនិត្យរបស់ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និង តាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នងសុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញបញ្ជាក់ថា «ស្លាប់ដោគាំងបេះដូង អាចបណ្តាលមកពីជម្ងឺបេះដូង»។បច្ចុប្បន្នសពប្រគល់ឱ្យនគរបាលប៉ុស្តិ៍ច្បារអំពៅ២បន្តនីតីវិធី៕ដោយ ប៉ូច គឹមសុខ