បរទេស ៖ អង្គការសហប្រជាជាតិ(អ.ស.ប.)បានបោះឆ្នោតយ៉ាងលើសលប់កាលពីថ្ងៃព្រហស្បតិ៍ទី២៣កុម្ភៈឆ្នាំ២០២៣ ដើម្បីទាមទារឱ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែន ជាបន្ទាន់ និង ដោយគ្មានលក្ខខណ្ឌ ដោយកត់សម្គាល់ខួបមួយឆ្នាំនៃសង្គ្រាមជាមួយនឹងការអំពាវនាវឱ្យមានសន្តិភាពដែលយុត្តិធម៌និងយូរអង្វែង។
ប្រទេសអ៊ុយក្រែនទទួលបានការគាំទ្រយ៉ាងរឹងមាំ នៅក្នុងការបោះឆ្នោតដែលមិនជាប់កាតព្វកិច្ចនេះ ដែលឃើញសមាជិក ១៤១ នៃសមាជិកអ.ស.បទាំង ១៩៣ បោះឆ្នោតគាំទ្រ ៧ បោះជំទាស់ និង ៣២ អនុប្បវាទ រួមទាំងចិននិងឥណ្ឌា។
សូមបញ្ជាក់ថា នៅមុនថ្ងៃគម្រប់ខួបទីមួយនៃសង្រ្គាមដ៏ឃោរឃៅ ការគាំទ្រសម្រាប់រដ្ឋាភិបាលក្រុងគៀវ មានការផ្លាស់ប្តូរតិចតួចពីខែតុលាឆ្នាំមុន នៅពេលដែលប្រទេសចំនួន ១៤៣ បានបោះឆ្នោតថ្កោលទោស ការប្រកាសរបស់រុស្ស៊ីក្នុងការកាត់យកតំបន់របស់អ៊ុយក្រែនចំនួនបួន។
ចំពោះការបោះឆ្នោតនេះបានកើតឡើងបន្ទាប់ពីការជជែកដេញដោលពីរថ្ងៃ ដែលក្នុងអំឡុងពេលនោះរដ្ឋាភិបាលក្រុងគៀវបានជំរុញសហគមន៍អន្តរជាតិឱ្យជ្រើសរើស «រវាងល្អនិងអាក្រក់»។
បើតាមសេចក្តីសម្រេចចិត្តនេះបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះ «អធិបតេយ្យភាព និង បូរណភាពទឹកដី របស់អ៊ុយក្រែន ដោយបដិសេធការទាមទារណាមួយរបស់រុស្ស៊ីចំពោះផ្នែកនៃប្រទេសដែលខ្លួនកាន់កាប់»។
សេចក្តីសម្រេចចិត្តនេះក៏បានទាមទារ ឱ្យសហព័ន្ធរុស្ស៊ីដកកងកម្លាំងយោធារបស់ខ្លួនទាំងអស់ចេញពីទឹកដីអ៊ុយក្រែនជាបន្ទាន់ ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ ក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ ហើយបានអំពាវនាវឱ្យបញ្ឈប់អរិភាព ផងដែរ៕(ប្រែសម្រួលដោយ លោកសំណាង)