ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ បានឃាត់ជនបរទេសម្នាក់ ក្នុងករណីហិង្សាដោយចេតនាបណ្តាលឱ្យរងរបួសជនជាតិចិន២នាក់ នៅចំណុចក្នុងអាគាររីវើរ៉ាB កោះពេជ្រ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១០និង៥០នាទីយប់។
នគរបាលមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យឈ្មោះ CUI HONG BO ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិព្រៃទា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ មុខរបរម៉ៅការសំណង់ កាន់លិខិតឆ្លងដែនលេខ EE3526256។
ចំណែកជនរងគ្រោះ២នាក់រួមមាន ១-ឈ្មោះ LI LEI ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ស្នាក់នៅអាគាររីវើរ៉ាB កោះពេជ្រ បន្ទប់លេខ១៦០៨ ជាន់ទី១៨ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរបុគ្គលិកក្រុមហ៊ុន NIPPON PAINT កាន់លិខិតឆ្លងដែនលេខ E95607745 រងរបួសលើថ្ងាស និងលើដើមទ្រូងចេញឈាម (ស្រាល)និង២-ឈ្មោះ QIAN CHENG ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ស្នាក់នៅអាគាររីវើរ៉ាB កោះពេជ្រ បន្ទប់លេខ១៦០៨ ជាន់ទី១៦ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរ អ្នកដឹកទំនិញតាមម៉ាតចិន រងរបួស លើក្បាលផ្នែកខាងក្រោយចេញឈាម (ស្រាល) ។
សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ LI LEI បានចុះពីកន្លែងស្នាក់នៅមកអង្គុយលេងនៅកន្លែងទទួលភ្ញៀវជាន់ផ្ទាល់ដី ,បានបន្តិចក៏ស្រាប់តែជនសង្ស័យឈ្មោះ CUI HONG BO មិនដឹងដើរចេញពីណា បានដើរតម្រង់មកជនរងគ្រោះរួចបានធ្វើសកម្មភាពយកកូនសោរថយន្តចាក់ និងវាយទៅលើជនរងគ្រោះបណ្តាលឱ្យរបួសលើថ្ងាស់ និងលើដើមទ្រូងចេញឈាម ។
ពេលនោះក៏មានជនរងគ្រោះម្នាក់ទៀតឈ្មោះ QIANG CHENG បានមកឃើញជនសង្ស័យកំពុងវាយទៅលើជនរងគ្រោះឈ្មោះ LI LEI ក៏បានស្រែកឆោឡោឱ្យគេជួយក៏ស្រាប់តែជនសង្ស័យរត់សំដៅមកជនរងគ្រោះឈ្មោះ QIANG CHENG រួចយលសោរថយន្តចាក់លើ បណ្តាលឱ្យរងរបួសបែកក្បាលខាងក្រោយចេញឈាម, ពេលនោះកម្លាំងសមត្ថកិច្ចកំពុងល្បាតបានឃើញក៏ឃាត់ជនសង្ស័យយកមកកាន់ស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរ និងចាត់ការតាមច្បាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូន ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការបន្ត ៕ដោយ សំណាង៩៦