ភ្នំពេញ ៖ ជនសង្ស័យ២នាក់ចំណោម៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានកាលពីវេលាល្ងាចថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២៣ ក្រោយពីបានធ្វើសកម្មភាព កាប់ទៅលើយុវជនម្នាក់បណ្ដាលឱ្យរងរបួសធ្ងន់ កាលពីរសៀលថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចលើផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ដោយសារខឹងញ៉ែសង្សាររបស់ខ្លួន ។
នគរបាលប៉ុស្តិ៍រដ្ឋបាលទួលព្រិច និយាយថា ជនសង្ស័យ៣នាក់ ចាប់បាន២នាក់រួមមាន ១-ឈ្មោះ អី ផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ, ទី២-ឈ្មោះ មុំ សុម៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ និងទី៣-ឈ្មោះ ហីម ស៊ូល ភេទប្រុស អាយុ៣៧ឆ្នាំ (គេចខ្លួន) ។ ឯជនរងគ្រោះឈ្មោះ ពុំ ឆេងលីម ភេទប្រុស អាយុ២១ឆ្នាំ របួសធ្ងន់ត្រង់កញ្ចឹងកខាងក្រោយដេរចំនួន៥៥ថ្នេរ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ , បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកពេទ្យនៅឡើយ។
ប្រភពដដែលបន្តថា មូលហេតុដោយសារជនរងគ្រោះ ញ៉ែប៉ះចំលើស្រីស្នេហ៍របស់ឈ្មោះ ហីម ស៊ូល ទើបឈ្មោះហីម ស៊ូល ទូរសព្ទហៅជនសង្ស័យទាំងពីរនាក់ខាងលើឱ្យមកកាប់ជនរងគ្រោះឱ្យរបួសតែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ ៖ ប៉ូច គឹមសុខ