ក្មេងទំនើង៤នាក់សារភាពថា «ពួកគេយកដុំថ្ម គប់ភាគីទំនាស់ តែជ្រុលត្រូវកញ្ចក់រថយន្តគេបែក»

តាកែវ ៖ កម្លាំងនគរបាលស្រុកត្រាំកក់ នាថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២រសៀល បានស្រាវជ្រាវបង្រ្កាបមុខសញ្ញាក្មេងទំនើង ០៤នាក់ ពាក់ព័ន្ធករណីគប់កញ្ចក់ឡានអ្នកដទៃ ប្រព្រឹត្តកាលពីថ្ងៃទី ២៣ ខែមករាឆ្នាំ២០២៣ វេលាម៉ោង៤និង១៥នាទីល្ងាច នៅចំណុចលើផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រ ៧៨-៧៩ ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ៥នាក់ ឃាត់បាន៤នាក់រួមមាន ១-ឈ្មោះ ហេង សុភក្ដិ ហៅហ្គែត ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម និងដកហូតម៉ូតូម៉ាកនិច ពាក់ស្លាកលេខ តាកែវ1Z-7296 , ២-ឈ្មោះ ជុំ ចាន់ភារក្ស ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ព្រមទាំងដកហូតវត្ថុតាង ម៉ូតូម៉ាកនិច ពាក់ស្លាកលេខ តាកែវ1A B- 5578 , ៣-ឈ្មោះអ៊ុន យូភេទប្រុសអាយុ ១៧ ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម និង ៤-ឈ្មោះរី យ៉ានុត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ- ឃុំអង្គតាសោម និង ៥-បក្ខពួកម្នាក់ទៀតឈ្មោះ លី ស៊ីអាន់ ភេទប្រុសអាយុ ១៨ ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ដែលជាម្ចាស់ម៉ូតូម៉ាក អុិចសុិនទ័រ(គេចខ្លួន)។

សមត្ថកិច្ចបន្តថា ដំបូងជនសង្ស័យ៥នាក់ បានធ្វើសកម្មភាពគប់ទៅលើកញ្ចក់រថយន្តម៉ាក Ford ពណ៌សពាក់ស្លាកលេខកម្ពុជាEaLux68 ដែលជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ា អេលុច ភេទប្រុសអាយុ ៤២ឆ្នាំមានទីលំនៅសង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលធ្វើដំណើរតាមផ្លូវជាតិលេខ ៣ ពីខេត្តកំពតទៅរាជនានីភ្នំពេញបណ្ដាលឱ្យបែកកញ្ចក់រថយន្តពីមុខធ្លាយចូលទៅក្នុងរថយន្ត ,ចំឈ្មោះ អ៊ា អេលុច រងរបួសធ្ងន់ រួចជនសង្ស័យក៏បើកម៉ូតូគេចខ្លួនទៅទិសខាងត្បូងបាត់ទៅ។ 

លុះមកដល់ថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២រសៀល កម្លាំងនគរបាលស្រុកត្រាំកក់ បានស្រាវជ្រាវបង្រ្កាបមុខសញ្ញាក្មេងទំនើង ០៤នាក់ នៅសល់ម្នាក់ទៀត កំពុងតាមប្រមាញ់ចាប់ខ្លួនបន្ត ។

ក្រោយពីធ្វើការឃាត់ខ្លួនសាកសួរចម្លើយ ជនសង្ស័យទាំង០៤នាក់បានសារភាពថា «នៅថ្ងៃកើតហេតុ ពួកខ្លួនទាំង០៥នាក់ ពិតជាបានធ្វើសកម្មភាពជិះម៉ូតូយកដុំថ្មគប់ទៅលើគូជម្លោះរបស់ខ្លួនដែលជិះម៉ូតូ តាមផ្លូវជាតិលេខ ៣បណ្ដាលឱ្យត្រូវរថយន្តម៉ាកហ្វតរ៉ាប់ទ័រ ប្រាកដមែន»។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងទៅតាមនីតិវិធី និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕ (ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *