បរទេស ៖ មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា «ទាហានអ៊ីស្រាអែលបានធ្វើឱ្យជនជាតិប៉ាឡេស្ទីនយ៉ាងតិច១១ នាក់ស្លាប់ និង រាប់សិបនាក់ទៀតរងរបួស ក្នុងអំឡុងការវាយឆ្មក់នៅតំបន់កាន់កាប់វេសប៊ែង។
នៅក្នុងការផ្ទុះនិងការបាញ់កាំភ្លើងបានបន្លឺសំឡេងឡើង ខណៈកងទ័ពបានចូលទៅក្នុងទីក្រុងចាស់ ណាប្លឺស(Nablus) កាលពីព្រឹកថ្ងៃពុធទី២២កុម្ភៈឆ្នាំ២០២៣ ដោយបានបង្កឱ្យមានការប៉ះទង្គិចប្រដាប់អាវុធជាមួយខ្មាន់កាំភ្លើងរបស់ប៉ាឡេស្ទីន។អ្នកដែលស្លាប់នៅខាងក្រៅជាច្រើននាក់ទៀត ជាជនស៊ីវិល ក្នុងនោះមានបុរសចំណាស់ពីរនាក់។
បើតាមយោធាអ៊ីស្រាអែលបាននិយាយថា «ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធដែលគេតាមចាប់ខ្លួនបីនាក់ ដែលកំពុងលាក់ខ្លួននៅក្នុងផ្ទះមួយ ព្រោះពួកគេមិនព្រមចុះចាញ់»។
ចំណែកក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា «លោក អាដណាន សាបា បារ៉ា (Adnan Saabe Baara) អាយុ ៧២ ឆ្នាំគឺជាជនរងគ្រោះម្នាក់ក្នុងចំណោមនោះ»។ តាមវីដេអូបង្ហាញសពរបស់គាត់នៅលើផ្លូវក្បែរថង់នំប៉័ងមួយដែលជាធម្មតាជាតំបន់ផ្សារដ៏មមាញឹក។
ក្រសួងបន្តថា «បុរសអាយុ ៦១ ឆ្នាំម្នាក់ទៀតឈ្មោះ អាប់ឌុល ហាឌី អាសកា (Abdul Hadi Ashqar) និងក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈ្មោះ ម៉ូហាម៉េត សាបាន (Mohammad Shaaban) ក៏ត្រូវបានបាញ់សម្លាប់ដែរ»។
ឯបុរសវ័យចំណាស់ម្នាក់ទៀត ឈ្មោះ អាណាន់ សាវកាត អាន់ណាប (Anan Shawkat Annab) អាយុ ៦៦ឆ្នាំដែលទទួលរងការថប់ដង្ហើមពីឧស្ម័នបង្ហូរទឹកភ្នែក បានស្លាប់នៅក្នុងមន្ទីរពេទ្យកាលពីយប់ថ្ងៃពុធ។
ពួកក្រុមសកម្មប្រយុទ្ធឈ្មោះ ឡាយអិនស៍ដិន (Lions’ Den) បាននិយាយនៅក្នុងសារ Telegram ថា សមាជិកប្រាំមួយនាក់នៃក្រុម Lions’ Den និងក្រុមសកម្មប្រយុទ្ធផ្សេងទៀតត្រូវបានសម្លាប់ក្នុងអំឡុងការវាយឆ្មក់នេះ។
ចំនួនអ្នកស្លាប់គឺជាចំនួនស្លាប់ច្រើនជាងការវាយឆ្មក់របស់យោធាអ៊ីស្រាអែលកាលពីខែមុននៅទីក្រុងជេនីន (Jenin) ដែលជាចំនួនស្លាប់ច្រើនបំផុតនៅតំបន់វេសប៊ែង ចាប់តាំងពីឆ្នាំ ២០០៥។
អ្វីដែលធ្វើឱ្យការវាយឆ្មក់នេះកាន់តែគួរឱ្យកត់សម្គាល់នោះគឺចំនួនរបួសដ៏ច្រើនសន្ធឹក ដោយក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថា មនុស្សជាង ៨០ នាក់បានរងរបួសដោយគ្រាប់កាំភ្លើង។ មន្ទីរពេទ្យចំនួនប្រាំផ្សេងគ្នានៅទីក្រុងណាប្លឺសបច្ចុប្បន្នកំពុងព្យាបាលពួកគេ។
ចំណែកមន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនលោក ហ៊ូសសេន អាល់ សេក (Hussein al-Sheikh) បានថ្កោលទោសចំពោះអ្វីដែលលោកពណ៌នាថាជា “ការសម្លាប់រង្គាល” ខណៈអ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាម៉ូត អាប់បាស (Mahmoud Abbas) បាននិយាយថា លោកចាប់រដ្ឋាភិបាលអ៊ីស្រាអែលឱ្យទទួលខុសត្រូវចំពោះ «ការបង្កើនជម្លោះដ៏គ្រោះថ្នាក់នេះ ដែលកំពុងរុញច្រានតំបន់ឆ្ពោះទៅរកភាពតានតឹងនិងការផ្ទុះគ្រាប់»។
ក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បានព្រមានថា ខ្លួនកំពុង «ឃ្លាំមើលឧក្រិដ្ឋកម្មដែលកំពុងកើនឡើង ដែលប្រព្រឹត្តឡើងដោយសត្រូវ ប្រឆាំងនឹងប្រជាជនរបស់យើងនៅតំបន់កាន់កាប់វេសប៊ែង ហើយកំពុងជិតអស់ការអត់ធ្មត់ហើយ»៕ (ប្រែសម្រួលដោយ លោកសំណាង)