ភ្នំពេញ ៖ ជនបរទេសម្នាក់ បានធ្វើអត្តឃាដខ្លួនឯង ដោយលោតសម្លាប់ខ្លួន ពីផ្ទះជាន់ទី២មកក្រោមទើរលើដំបូលផ្ទះក្បឿង បង្កការភ្ញាក់ផ្អើល នៅថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០២២វេលាម៉ោង៨និង២៥នាទីព្រឹក នៅចំណុចផ្ទះលេខT120-1 ផ្លូវទី២ បុរីកាំកូស៊ីធី ក្រុមទី៨ ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា សាកសពឈ្មោះ OH KIKYOUNG ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិកូរ៉េ មុខរបរបុគ្គលិកអចលនទ្រព្យ ស្នាក់នៅផ្ទះលេខT120-1 ផ្លូវលេខ2 ក្រុមទី៨ ភូមិគង្គារផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
យោងតាមការបំភ្លឺពីឈ្មោះ លី គីមវ៉ាន់ ភេទប្រុស អាយុ៣៩ឆ្នាំ ជាអ្នកជិតខាងបានឱកយថា «កាលពីវេលាម៉ោងប្រហែល៣និង៣០នាទីទៀបភ្លឺ ខណៈគាត់កំពុងដេកបានឮសម្លេងធ្លាក់ខ្លាំងដូចបែកឥវ៉ាន់ក៏បានចុះមកមើលនៅក្នុងផ្ទះក្រែងមានសត្វឆ្មាតែពុំឃើញមានអ្វីនិងពុំមានអ្វីប្លែកក៏ឡើងទៅសម្រាក់វិញ។ លុះដល់វេលាម៉ោង៨និង២៥នាទីក៏មានខាងសន្តិសុខនិងអ្នកអនាម័យប្រាប់ថា មានមនុស្សធ្លាក់ពីលើជាន់ទី២មកក្រោម»។
បើយោងតាមការបំភ្លឺឈ្មោះសាត កុសល ភេទស្រី អាយុ៤៨ឆ្នាំ ជាអ្នកអនាម័យផ្ទះលេខ T119-6បានឱ្យដឹងថា«កាលពីវេលាម៉ោងប្រហែល៨និង២៥នាទី គាត់កំពុងធ្វើអនាម័យនៅផ្ទះលេខT119-6ផ្នែកខាងក្រោយផ្ទះបានឃើញគ្បឿងផ្ទះលេខT120-1ធ្លាក់ចុះមកដី ហើយក៏បានអើតមើលលើដំបូលផ្ទះឃើញមានមនុស្សដេកលើដំបូលសំយ៉ាបផ្ទះក៏បានរាយការណ៍ទៅសន្តិសុខបូរីឱ្យបានដឹងរួចក៏មកធ្វើអនាម័យផ្ទះលេខT119-1វិញ»។
តាមការត្រួតពិនិត្យរបស់នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ រាជធានីភ្នំពេញនិងគ្រូពេទ្យតុលាការ បានបញ្ជាក់ថា«ជាករណីអត្តិឃាដខ្លួនឯងប្រាកដមែន»៕ដោយ សំណាង៩៦