ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រីនគរបាលម្នាក់ ត្រូវបានលោកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅជាលើកទី២ ឱ្យចូលខ្លួនបំភ្លឺនៅវេលាព្រឹកថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ ពាក់ពន្ធនឹងបណ្តឹងចោទប្រកាន់ពីបទ«ឆបោកប្រាក់ចំនួន២៦៥០០ដុល្លារសហរដ្ឋអាមេរិក ជាថ្នូរថ្លៃរត់ការចូលក្រមខណ្ឌនគរបាលជាតិ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មន្រ្តីនគរបាលរូបនោះឈ្មោះ កែវ រ័ត្នមុនី ភេទប្រុសកើតនៅឆ្នាំ១៩៨២ មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី ជាអនុប្រធាននាយកដ្ឋាន ស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ មានអាសយដ្ឋានផ្ទះលេខ ១០C,១២E0E1 ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក ។
យោងតាមដីកាកោះជាលើកទី២ របស់លោកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា «យើង សេង ម៉េងស្រ៊ុន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូអញ្ជើញឈ្មោះ កែវ រ័ត្នមុនី ភេទប្រុសកើតនៅ ឆ្នាំ ១៩៨២មានអាសយដ្ឋានផ្ទះលេខ ១០C,១២E0E1 ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ឱ្យចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ (ជាន់ទី៥ បន្ទប់«ព»)នៅថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង៩ព្រឹក ដើម្បីបំភ្លឺពីដំណើររឿងពាក់ព័ន្ធបណ្តឹងពីបទ «ឆបោក»។
តាមព័ត៌មានឱ្យដឹងបន្តថា កាលពីកំឡុង ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ ត្រីកែវ រ័ត្នមុនី ដែលមានតួនាទីជាអនុប្រធាននាយកដ្ឋាន ស៊ើបអង្កេតនិងអនុវត្តនីតិវិធី(ន៧)នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានអះអាងថា ខ្លួនមានសិទ្ធិសម្រេច រើសក្រមខណ្ឌនគរបាលជាតិ ហើយបានលួងលោមនិងបញ្ចុះបញ្ចូលបុរសម្នាក់ ដែលជាអ្នកស្គាល់គ្នាឱ្យចូលក្របខណ្ឌនគរបាលជាតិ ដោយបានពាក់ស័ក្តិ២ថែមទៀត។
ព័ត៌មានបន្តទៀតថា លោកឧត្តមសេនីយ៍ត្រី កែវ រ័ត្នមុនី រូបនោះបានធានាអះអាងថា គាត់រត់ការបានជោគជ័យ ព្រោះខ្លួនស្គាល់ស្និទជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ ដែលមានសិទ្ធិសម្រេច ។នៅក្នុងនោះតម្រូវ ឱ្យប្រគល់ប្រាក់ចំនួន២៦៥០០ដុល្លារ តាមរយៈធនាគារABAជាថ្នូរថ្លៃរត់ការចូលក្រមខណ្ឌនគរបាលជាតិនោះ។
បន្ទាប់ពីទទួលបានប្រាក់ហើយ លោកឧត្តមសេនីយ៍ត្រីរូបនោះ រត់ការមិនបានសម្រេច ហើយចេះតែគេចវេសនិយាយដោះសាររហូតមក មិនត្រឹមតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍រូបនោះបានទារប្រាក់បន្ថែមចំនួន ៥ពាន់ដុល្លារទៀតដើម្បីកែអាយុ តែសាមីខ្លួនមិនព្រម ។បន្ទាប់ពីរត់ការមិនបានសម្រេចលោកឧត្តមសេនីយ៍រូបនោះបានគេចវេសនិងបិទទូរស័ព្ទ។
លុះក្រោយមកទើបដឹងថា លោកឧត្តមសេនីយ៍ រូបនោះឆបោក ហើយសាមីខ្លួន ក៏បានដាក់ពាក្យបណ្តឹង ចូលតាមផេកហ្វេសបុករបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឱ្យលុបឈ្មោះចេញពីក្រមខណ្ឌនគរបាលជាតិ និងទាមទារប្រាក់ចំនួន ២៦៥០០ដុល្លារត្រឡប់មកវិញ និងទាមទារសំណងជំងឺចិត្តចំនួន២០០លានរៀលព្រមទាំងប្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ ។
ពេលនេះត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលខ្លួន បំភ្លឺ លើកទី១នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ និងលើកទី២ឱ្យចូលខ្លួនបំភ្លឺ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ៕ ដោយ សំណាង៩៦