លោកចូ បៃដិន មកដល់ប៉ូឡូញ , បន្ទាប់ពីទៅទីក្រុងគៀវស្ងាត់ៗ

បរទេស ៖ មួយថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលរបស់គាត់ទៅកាន់ទីក្រុងគៀវ លោកចូ បៃដិន បានប្រើសុន្ទរកថាដែលមានពាក្យពេចន៍សំខាន់ៗនៅក្នុងប្រទេសជិតខាងប៉ូឡូញដើម្បីសរសើរសម្ពន្ធមិត្តនៅអឺរ៉ុបដែលបានបង្កើនការប្រឹងប្រែងក្នុងឆ្នាំកន្លងទៅនិងផ្ញើសារយ៉ាងច្បាស់ទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ថា«អង្គការណាតូនឹងមិនបែកបាក់គ្នាហើយយើង​នឹង​មិនចេះហត់​នឿយនោះ​ឡើយ»។

លោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីថ្ងៃអង្គារទី២១កុម្ភៈឆ្នាំ២០២៣ បានព្រមានអំពី «ថ្ងៃដ៏លំបាកនិងជូរចត់នៅខាងមុខ»ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនជិតឈានដល់រយៈពេលមួយឆ្នាំ ប៉ុន្តែបានប្តេជ្ញាថា ទោះបីជាមានរឿងអ្វីក៏ដោយ ក៏សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តនឹងមិនងាករេ ក្នុងការគាំទ្រអ៊ុយក្រែននោះឡើយ។

លោកបៃដិនបាននិយាយនៅចំពោះមុខហ្វូងមនុស្សរាប់ពាន់នាក់នៅខាងក្រៅប្រាសាទរ៉ូយ៉ាល់ខាសិល (Royal Castle) នៃទីក្រុងវ៉ាសូវី ថា «កាលពីមួយឆ្នាំមុន ពិភពលោកកំពុងត្រៀមខ្លួនសម្រាប់ការដួលរលំនៃទីក្រុងគៀវ។ ខ្ញុំអាចរាយការណ៍បានថា ទីក្រុងគៀវរឹងមាំ។ គៀវឈរដោយមោទនភាព។ វាឈរខ្ពស់ ហើយសំខាន់បំផុត វាឈរដោយមានសេរីភាព»។

ខណៈរុស្ស៊ីនិងអ៊ុយក្រែន សុទ្ធតែត្រៀមបើកការវាយលុកនៅនិទាឃរដូវដូចគ្នា លោកបៃដិនបានទទូចថា«នឹងមិនរាថយពីអ្វីដែលលោកបានចាត់ទុកថាជាការតស៊ូជាសាកលរវាងលទ្ធិប្រជាធិបតេយ្យនិងលទ្ធិអត្តាធិបតេយ្យនោះឡើយទោះបីជាការស្ទង់មតិបង្ហាញថា ការគាំទ្ររបស់អាមេរិក សម្រាប់ជំនួយយោធាជាបន្តហាក់មានភាពទន់ខ្សោយក៏ដោយ»។

លោកបៃដិនបានប្រកាសថា លទ្ធិប្រជាធិបតេយ្យរបស់ពិភពលោកនឹងឈរការពារសេរីភាពនៅថ្ងៃនេះ ថ្ងៃស្អែក និងជារៀងរហូត ។ សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តនឹង «គាំទ្រអ៊ុយក្រែន»។

សុន្ទរកថារបស់លោកបៃដិនបានកើតឡើងមួយថ្ងៃបន្ទាប់ពីលោកបានធ្វើដំណើរដោយមិនបានប្រកាសទៅកាន់ទីក្រុងគៀវ ជាកន្លែងដែលលោកបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ហើយបានដើរតាមដងផ្លូវក្នុងទីក្រុង ខណៈសំឡេងស៊ីរ៉ែនព្រមានអំពីការវាយប្រហារតាមអាកាសបានបន្លឺឡើងក៏ដោយ ៕ប្រែសម្រួលដោយ លោកសំណាង

Leave a Reply

Your email address will not be published. Required fields are marked *