ភ្នំពេញ ៖ បុគ្គលិក កម្មករ សម្អាតផ្លូវបានស្រែកហៅគ្នីគ្នាធ្វើការ ស្រាប់តែលេចមុខបុរសពីរនាក់បានជិះម៉ូតូណៃហតមួយគ្រឿង មកដល់ហើយក៏ស្រែកសួរថា«អ្ហែងហៅអញមែន?»ថាហើយក៏ដកកាំភ្លើងពីចង្កេះរេចុះរេឡើង សម្ញែងដាក់អ្នកសម្អាតផ្លូវ ធ្វើឱ្យកម្មករទាំងនោះផិតភ័យ កើតឡើងកាលវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ត្រង់ចំណុចខាងកើតជិតផ្សារប៉េសេ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។
យោងតាមប្រភពពីកម្មករសម្អាតផ្លូវ រាជធានីភ្នំពេញបានឱ្យដឹងថា «ពួកគាត់បានមកដល់កន្លែងកើតហេតុខាងលើរង់ចាំយានយន្ត(អាត្រាក់)មកដល់ចូកដីដែលជ្រុះលើថ្នល់ ដោយសារខាងសាលារាជធានីភ្នំពេញចុះមកស្ដារប្រឡាយលូចូកដីដាក់លើឡានបណ្ដាលឱ្យជ្រុះលើថ្នល់ហើយពួកគាត់បានមកសម្អាតចូកដីដាក់លើអត្រាក់»។
កម្មករសម្អាតផ្លូវបន្តថា ខណៈពេលអាត្រាក់មកដល់ក៏ស្រែកហៅគ្នីគ្នាឲ្យចេញមកធ្វើការចូកដីដាក់លើអាត្រាក់ ខណៈពេលនោះក៏ស្រាប់តែ លេចមុខបុរសពីរនាក់ជិះម៉ូតូណៃហតមួយគ្រឿងពណ៌ខ្មៅមិនចាំស្លាកលេខបានមកដល់ក៏ស្រែកសួរថា«អ្ហែងហៅអញមែន?» ហើយក៏ដកកាំភ្លើងចេញពីចង្កេះរេចុះរេឡើងសម្ញែងដាក់កម្មករសម្អាតផ្លូវ រួចក៏ជិះទៅទិសខាងលិចមួយសន្ទុះមកក៏ត្រឡប់មកវិញងាកមើលឆ្វេងស្តាំ សម្លក់សម្លឹង រួចក៏ជិះទៅទឹសខាងកើតបាត់តែម្ដង។
សកម្មភាពនិងទង្វើរបស់ខ្មាន់កាំភ្លើង បានធ្វើឱ្យកម្មករដែលសម្អាតផ្លូវមានការភិតភ័យយ៉ាងខ្លាំង ។ បុរសទាំងពីរនាក់ម្នាក់ស្លៀកខោខូវប៊ូយ ពាក់អាវយឺតដៃវែងបង្កងៗចំណែកឯម្នាក់ទៀតស្លៀកខោខូវប៊ូយ ពណ៌ខ្មៅនិងអាវពណ៌ខ្មៅដៃខ្លីហើយមានកាំភ្លើងខ្លីមួយដើមទៀតផង មិនដឹងថាបុរសទាំងពីរនាក់នោះមានបំណងអ្វីមកលើពួកគាត់នោះទេ ប៉ុន្តែពួកគាត់មិនបានដាក់ពាកកយបណ្តឹងដល់សមត្ថកិច្ចនៅឡើយ ៕ដោយធ្នូជ័យ