បុរសចិនម្នាក់ បន្ទាប់ពីផឹកស៊ីជាមួយមិត្តភក្តិ ពេញមួយយប់, ព្រឹកឡើងស្លាប់

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានផឹកស៊ីជាមួយមិត្តភក្តិពេញមួយយប់ ហើយមិនស្រួលខ្លួន ត្រូវបានម៉ូតូកង់បីដឹកពីចំណុចពេលដឹកចេញពីស្តុបផ្សារមាន់អាំង សង្កាត់បឹងកក់២ ខណ្ឌទួលគោក ទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ក៏បានស្លាប់ កាលពីវេលាម៉ោង០៧និង១០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ បើតាមសមត្ថកិច្ចជំនាញបញ្ជាក់ថា ស្លាប់ដោយសារគាំងបេះដូង ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ LEI JUNWEI ភេទប្រុស ឆ្នាំកំណើត២៦ ឧសភា១៩៧៣ មុខរបរបុគ្គលិកសណ្ឋាគារឡាំង ហាយ ម្តុំផ្សារកាប់គោ កាន់លិខិតឆ្លងដែនលេខEE៨៨៦៩៧៥០ ស្នាក់នៅខុនដូរយៀក ថែ បន្ទប់លេខ១៦២១ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបន្តថា នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ជនរងគ្រោះត្រូវដឹកតាមម៉ូតូកង់បីឥណ្ឌា មកកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ពេលមកដល់មន្ទីរពេទ្យគ្រូពេទ្យពិនិត្យប្រាប់ថាស្លាប់បាត់ទៅហើយ។

យោងតាមការបំភ្លឺពីឈ្មោះ ងួន រចនា ភេទស្រី អាយុ៣៦ឆ្នាំ ជាមិត្តស្រីរបស់ជនរងគ្រោះបានឱ្យដឹងថា«នាងខ្ញុំ និងមិត្តប្រុសបានស្រឡាញ់គ្នារយៈពេលជាង៤ខែមកហើយ, នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នាងខ្ញុំបានទៅផ្ទះនៅខេត្តក្រចេះ ចំណែកមិត្តប្រុសនាងខ្ញុំគាត់បានស្នាក់នៅបន្ទប់ជួលខុនដូរបស់គាត់, នៅវេលាម៉ោង១២ និង ៣០នាទីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ មិត្តប្រុសនាងខ្ញុំបានទូរសព្ទឱ្យនាងខ្ញុំមកជួបគាត់ ទើបនាងខ្ញុំបានចេញពីខេត្តក្រចេះមកភ្នំពេញ»។

សាក្សីបន្តថា «នៅវេលាម៉ោងប្រហែល៧យប់ ថ្ងៃដដែល ពេលមកដល់ភ្នំពេញនាងខ្ញុំបានទូរសព្ទទៅមិត្តប្រុស ហើយមិត្តប្រុសនាងខ្ញុំបាននិយាយប្រាប់ថាគាត់កំពុងផឹកស្រា មិនទាន់បានជួបនាងខ្ញុំទេ។ នៅវេលាម៉ោងប្រហែល០៦និង៣០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នាងខ្ញុំបានទូរសព្ទទៅមិត្តប្រុស តែមានមនុស្សលើកនិយាយហើយប្រាប់ថា ជាអ្នករត់ម៉ូតូកង់បីឥណ្ឌា ដោយមិត្តប្រុសនាងខ្ញុំកំពុងដេកក្អួតនៅលើម៉ូតូកង់បីឥណ្ឌារបស់គាត់ នៅម្តុំស្តុបផ្សារមាន់អាំង ទើបនាងខ្ញុំបានជិះម៉ូតូទៅមើលឃើញមិត្តប្រុសនាងខ្ញុំដេកនៅលើម៉ូតូកង់បីប្រឡាក់កំអួត ហើយដាស់មិនកម្រើក នាងខ្ញុំក៏បានឲ្យអ្នកបើកម៉ូតូកង់បីឥណ្ឌាដឹកមិត្តប្រុសនាងខ្ញុំមកកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈពេលមកដល់មន្ទីរពេទ្យគ្រូពេទ្យពិនិត្យប្រាប់ថាមិត្តប្រុសនាងខ្ញុំស្លាប់បាត់ទៅហើយ»។

សមត្ថកិច្ចបន្តទៀតថា យោងតាមការពិនិត្យសាកសព ពត៌មានប្រមូលបាន និងការបញ្ជាក់ពីគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ សមត្ថកិច្ចសន្និដ្ឋានបានថា «ជនរងគ្រោះស្លាប់ដោយគាំងបេះដូង អាចបណ្តាលមកពីជម្ងឺបេះដូង»។សាកសពតម្កល់នៅវត្តទឹកថ្លា៕ដោយ សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *