លួចកាត់ខ្សែភ្លើងតាមផ្ទះអ្នកស្រុក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនម្នាក់,នៅសល់២នាក់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ចំណោម៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននារសៀលថ្ងៃទី២១កុម្ភៈ  ក្នុងករណីលួចកាត់ខ្សែភ្លើងយកទៅលក់ នៅដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៩កុម្ភៈឆ្នាំ២០២៣ ម៉ោង០១អធ្រាត្រ ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ មាន សុខជា ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ អេង សីហា ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះបានចាក់សោទ្វាររបងដីឡូត៍គ្មានលេខ (ចំណុចកើតហេតុ) រួចទៅដេក, ស្រាប់តែមានជនសង្ស័យ០៣នាក់ ឈ្មោះ អេង សីហា, ឈ្មោះ សារ៉ាយ សុភ័ក្រ្ត និងឈ្មោះ ធូ ជិះម៉ូតូម៉ាកហុងដា សេ១០០ ពណ៌ខ្មៅ គ្មានស្លាកលេខមានសណ្តោងរ៉ឺម៉កមកឈប់ក្បែរកន្លែងកើតហេតុ រួចនាំគ្នាធ្វើសកម្មភាពយកកន្រ្តៃលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះប្រវែង ៥០ម៉ែត្រ នាំគ្នាជិះម៉ូតូគេចខ្លួនយកទៅលក់ឲ្យគេបានប្រាក់១០ម៉ឺនរៀល ចែកគ្នាទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ 

លុះដល់ថ្ងៃទី ២១កុម្ភៈឆ្នាំ២០២៣ ម៉ោង១និង៣០នាទីរសៀល សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ អេងសីហា នៅភូមិកើតហេតុខាងលើ រួមជាមួយវត្ថុតាងម៉ូតូ ០១គ្រឿងម៉ាកខាងលើមានសណ្តោងរ៉ឺម៉ក (ជិះធ្វើសកម្មភាព) បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ព្រែកឯង សាកសួរ។ ចំណែកបក្ខពួក ០២នាក់ទៀត ឈ្មោះ សារ៉ាយ សុភ័ក្រ្ត និងឈ្មោះ ធូគេចខ្លួនបាត់។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី ៕ ដោយ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *