ភ្នំពេញ ៖ ផ្ទះថ្មល្វែងមួយដែលបានសាងសង់រស់នៅជាង១ឆ្នាំទៅហើយ ស្រាប់តែបាក់ស្រុតដី ធ្លាក់ផ្ទះចូលក្នុងទឹកស្រះដ៏ធំ ជារណ្តៅដីចាស់ បណ្តាលឱ្យរងខូចខាត តែមិនបង្កឱ្យអ្នកណារងរបួសឡើយ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរ ចុះទៅជួយអន្តរាគមន៍ រុះរើអីវ៉ាន់ចេញ កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ពៅ ចន្ធី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ អេង ភ័ណ្ឌអាយុ៤០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានកូនចំនួន៣នាក់ ប្រុស១នាក់ ស្រី២នាក់ ក្នុងបន្ទុកគ្រួសារ រស់នៅផ្ទះកើតហេតុ ។ ផ្ទះដែលរងបាក់ស្រុត សង់ពីថ្មក្រោមលើគ្រោងដែក មានទំហំ៤ម៉ែត្រគុណនឹង៨,៥០ម៉ែត្រ។
តាមសម្តីម្ចាស់ផ្ទះបានឱ្យដឹងថា ដីរបស់គាត់បានទិញ ទំហំ៤ម៉ែត្រx២០ម៉ែត្រ ជាប់ផ្លូវលំ៤ម៉ែត្រ មាត់ស្រះទឹកខាងលើដាក់ដីបំពេញបន្ថែម ហើយបានសាងសង់ផ្ទះ និងបានរស់ជាង១ឆ្នាំមកហើយ ។ ប្រភពបន្តទៀតថា មុនកើតហេតុ ខណៈដែលនាំគ្នាទៅធ្វើការងារ កូនៗទៅរៀនអស់ គាត់ចាក់សោផ្ទះទុកចោល ស្រាប់តែនៅវេលាម៉ោងខាងលើ មានពលរដ្ឋអ្នកភូមិទូរសព្ទប្រាប់ថា «ផ្ទះបាក់ស្រុតធ្លាក់ចូលក្នុងទឹកស្រះហើយ»។ នៅកន្លែងកើតហេតុ ស្ត្រីម្ចាស់ផ្ទះអង្គុយទ្រហោយំ នឹកស្តាយផ្ទះ តើបានអ្វីជ្រក បើបាក់ស្រុតចូលទឹកបាត់ហើយ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា គ្រាន់តែស្រុតដីធ្លាក់ផ្ទះចូលក្នុងទឹកស្រះ ភ្លាមៗ ទាំងអាជ្ញាធរ នាំគ្នាជួយ រុះរើ ជញ្ជូនអីវ៉ាន់ចេញ សំណាងហើយ ចំពេលគ្មានមនុស្សនៅក្នុងផ្ទះ ៕ ដោយ សំណាង៩៦