ឃាត់ជនសង្ស័យ២នាក់ លួចម៉ូតូពីបឹងកេងកង ចាប់ខ្លួនបាននៅច្បារអំពៅ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាព្រឹកថ្ងៃទី២០កុម្ភៈ ខណៈជនសង្ស័យកំពុងដើរលក់ឱ្យគេនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ

បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូ នៅក្រោយភោជនីយដ្ឋានសាគូរ៉ាបូហ្វេ មហាវិថីព្រះមុនីវង្ស ភូមិ៩ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង នៅថ្ងៃទី ២០កុម្ភៈឆ្នាំ២០២៣ ម៉ោង០៤និង៣០នាទីទៀបភ្លឺ ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ សែ គីមស៊ុន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកភោជនីយដ្ឋានសាគូរ៉ាបូហ្វេ ស្នាក់នៅផ្ទះជួល មហាវិថីព្រះមុនីវង្ស ភូមិ៩ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។

ចំណែកជនសង្ស័យឃាត់ខ្លួន២នាក់រួមមាន ១-ឈ្មោះ ហុង ភារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន និង២-ឈ្មោះ ធី បញ្ញា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ។ ទាំង០២នាក់ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបន្តថា  មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ១JG-០២១៩ នៅចំណុចកើតហេតុ ដោយពុំបានចាក់សោកម៉ូតូទេរួចទៅផ្ទះដេក ,ស្រាប់តែជនសង្ស័យ០២នាក់ដើរមកដល់កន្លែងកើតហេតុ រួចលួចម៉ូតូជនរងគ្រោះបណ្តើរគេចខ្លួន។ 

លុះដល់ម៉ោង១០និង៣០នាទី ថ្ងៃដដែល ជនសង្ស័យទាំង០២នាក់ យកម៉ូតូម៉ាកខាង លើមករកលក់ឱ្យគេនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមនិងវត្ថុតាងម៉ូតូ ០១គ្រឿងម៉ាកខាងលើ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២ សាកសួរ។ បច្ចុប្បន្នបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្តតាមនីតិវិធី ៕ដោយ សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *