លោក ឃិត ឈឿន មានមោទកភាព ចំពោះទីផ្សារបន្លែស្ពៃក្ដោប របស់កសិករខ្មែរ បានឡើងថ្លៃជាបន្តបន្ទាប់

ភ្នំពេញ ៖ ទីផ្សារបន្លែស្ពៃក្តោប របស់ប្រជាកសិករខ្មែរបានឡើងថ្លៃបណ្តើរៗហើយ ក្នុងចន្លោះពី៣០០រៀលទៅ៥០០រៀល ក្នុង១គីឡួក្រាម បន្ទាប់ពីផ្សារ KC បានចុះជួយបញ្ជាទិញស្ពែក្តោបជាច្រើនតោនពីកសិករខ្មែរ នៅខេត្តបាត់ដំបង យកមកលក់បន្តជាការចូលរួមគាំទ្រ កសិផលខ្មែរនោះ។នេះបើតាមការឱ្យដឹងពីលោក ឃិត ឈឿនអគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ និងជាម្ចាស់ផ្សារ KC នាព្រឹកថ្ងៃទី២១កុម្ភៈ នេះ។

លោក ឃិត ឈឿន  បានឱ្យដឹងថា ក្នុងនាមជាកូនខ្មែរមួយរូប លោកមានមោទកភាពណាស់ ដែលបានធ្វើឱ្យទីផ្សារស្ពៃក្តោបរបស់កសិករខ្មែរបានថ្លៃ ។លោកក៏បានបញ្ជាក់ថា ដើមឡើយស្ពៃក្តោបរបស់កសិករខ្មែរ មិនមានទីផ្សារនោះទេ ដោយមើលឃើញផលដំណាំខ្មែរនៅគរពេញចម្ការបែបនេះ លោកក៏មានការអាណិតអាសូរហើយបានចុះបញ្ជាទិញ ជាបន្តបន្តបន្ទាប់ និងបានធ្វើការផ្សាព្វផ្សាយ ដើម្បីរកទីផ្សារលក់បន្ត ។

លោកបន្តថា គ្រាន់តែគាត់ចុះទិញមិនបានប៉ុន្មានផង ធ្វើឱ្យទីផ្សារបន្លែស្ពៃក្តោប របស់កសិករខ្មែរបានឡើងថ្លៃរហូតដល់ ៥០០រៀលក្នុង១គីឡូក្រាម  ដោយសារតែមានម៉ូយ បានចុះទៅទិញ បន្តដល់ចម្ការតែម្តង ។

លោក ឃិត ឈឿន បន្តទៀតថា បន្លែគេដឹកមកពីវៀតណាមយកមកលក់ចែកចាយនៅលើទីផ្សារនៅក្នុងព្រះរាជាណាចក្រកម្ពុជា  ចុះហេតុអ្វីបានជាយើង ជាខ្មែរមិន បានទៅទិញបន្លែរបស់កសិករខ្មែរយកមកលក់។ម្យ៉ាងទៀតការជួយទិញ បន្លែរបស់កសិករខ្មែរជាការចូលរួម លើកកម្ពស់ផលិតផលខ្មែរ នៅលើទីផ្សារផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីកសិករខ្មែរបានការបង្ហោះនៅក្នុងបណ្តាញសង្គម ពីបន្លែស្ពៃក្តោបរបស់កសិករខ្មែរនៅឃុំចម្លងគួយ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង អត់មានទីផ្សារនៅគរពេញចម្ការ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើន សម្បត្តិ និងជា ម្ចាស់ផ្សារ KC បានជួយបញ្ជាទិញស្ពែក្តោបជាបន្តបន្ទាប់ ប្រមាណជិត១០តោន ជាហេតុធ្វើឱ្យស្ពៃក្តោបមានទីផ្សារប្រសើរឡើវិញមកដល់ពេលនេះ ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *