បរទេស ៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា រញ្ជួយដីកម្រិត ៦,៤ រិច្ឆទ័រថ្មីកាលពីថ្ងៃចន្ទទី២០កុម្ភៈឆ្នាំ២០២៣ បណ្តាលឱ្យមនុស្សបីនាក់បាត់បង់ជីវិត និង របួសជាង២០០នាក់ នៅក្នុងផ្នែកខ្លះនៃប្រទេសតួកគី ដែលរងការខ្ទេចខ្ទាំ កាលពីពីរសប្តាហ៍មុន ដោយរញ្ជួយដីដ៏ធំដែលបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ជីវិត ហើយអគារជាច្រើនទៀតបានបាក់សង្កត់លើមនុស្សមួយចំនួន ខណៈអ្នករបួសជាច្រើនត្រូវបានកត់ត្រាក្នុងប្រទេសស៊ីរី ជាប្រទេសជិតខាង ។
គ្រោះរញ្ជួយដីកាលពីថ្ងៃចន្ទនេះ នៅចំណុចកណ្តាលនៃទីប្រជុំជនដេហ្វណេ (Defne) ក្នុងខេត្តហាតាយ (Hatay) របស់តួកគី ជាតំបន់មួយដែលរងគ្រោះខ្លាំងជាងគេក្នុងកម្រិតរញ្ជួយ ៧,៨ រិច្ឆទ័រ ដែលបានវាយប្រហារកាលពីថ្ងៃទី ៦ខែកុម្ភៈឆ្នាំ២០២៣។ ការរញ្ជួយដីនេះបានញ័ររហូតដល់ស៊ីរី ហ្ស៊កដានី ស៊ីប អ៊ីស្រាអែល និង នៅឆ្ងាយរហូតដល់អេហ្ស៊ីប ហើយបន្ទាប់មកតែមួយសន្ទុះ ក៏មានរញ្ជួយដីកម្រិត ៥,៨ រិច្ឆទ័រ ថែមមួយលើកទៀត។
លោក ស៊ូឡេម៉ាន់ សយលូ (Suleyman Soylu) រដ្ឋមន្ត្រីមហាផ្ទៃតួកគីបាននិយាយថា «មនុស្សបីនាក់បានស្លាប់និង២១៣នាក់រងរបួស ហើយកិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះកំពុងដំណើរការនៅក្នុងអគារបាក់រលំចំនួនបីដែលគេជឿថាមានមនុស្សប្រាំមួយនាក់ជាប់នៅខាងក្នុង»។
ចំណែកទូរទស្សន៍ HaberTurk បានរាយការណ៍ថា «នៅខេត្តហាតាយ ប៉ូលិសបានជួយសង្គ្រោះមនុស្សម្នាក់ ដែលជាប់នៅខាងក្នុងអគារកម្ពស់បីជាន់ ហើយកំពុងព្យាយាមចូលទៅជួយមនុស្សបីនាក់ទៀតនៅខាងក្នុង»។ ទូរទស្សន៍នេះបាននិយាយថា «អ្នកដែលជាប់ទាំងនោះ រួមមានបុគ្គលិករុះរើ ដែលកំពុងជួយមនុស្សផ្លាស់គ្រឿងសង្ហារឹម និងរបស់របរផ្សេងទៀតចេញពីអគារដែលរងការខូចខាតនៅក្នុងរញ្ជួយដីដ៏ធំនេះ»។
ឯទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានរាយការណ៍ថា «មនុស្សប្រាំមួយនាក់បានរងរបួសនៅក្នុងខេត្តអាឡិបប៉ូ(Aleppo) ដោយសារការធ្លាក់កម្ទេចកម្ទី»។អង្គការ White Helmets ដែលជាអង្គការការពារជនស៊ីវិលនៅភាគពាយព្យប្រទេសស៊ីរី បានរាយការណ៍ថា«មានអ្នករងរបួសជាង ១៣០ នាក់ ដែលភាគច្រើនមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ រួមមាន ការបាក់ឆ្អឹង និងករណីមនុស្សដួលសន្លប់ដោយសារការភ័យខ្លាច ខណៈអគារមួយចំនួននៅក្នុងតំបន់បានដួលរលំរួចទៅហើយដោយសាររញ្ជួយដីលើកមុន»។
គួររំលឹកថា ការរញ្ជួយដីកាលពីថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ២០២៣ បានសម្លាប់មនុស្សជិត ៤៥.០០០ នាក់នៅក្នុងប្រទេសទាំងពីរដែលអ្នកស្លាប់ភាគច្រើនគឺនៅក្នុងប្រទេសតួកគី កន្លែងដែលមនុស្សជាងមួយលានកន្លះកំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន។ អាជ្ញាធរតួកគីបានកត់ត្រារំញ័រជាង ៦.០០០ ដងចាប់តាំងពីពេលនោះមក៕ (ប្រែសម្រួលដោយលោកសំណាង)