ភ្នំពេញ ៖ យុវតីម្នាក់បានបាត់បង់ជីវិត និងក្មេងតូចម្នាក់រួចផុត ក្នុងហេតុការណ៍រថយន្តធន់ធំ ជ្រុលបុកម៉ូតូ កាលពីវេលាម៉ោង០៤និង១៥នាទីល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ចំណុចមុខក្រុមហ៊ុន យូស៊ីនីតហ្គាមេន វេងស្រេង ក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ជនរងគ្រោះមានឈ្មោះ ស្រី កែវ អាយុ ១៧ឆ្នាំ ស្នាក់ផ្ទះជាមួយមីងពូ នៅម្តុំលូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើតប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជិះម៉ូតូម៉ាក ZOOMER X ពណ៌ទឹកប៊ិច លាយក្រហម ពាក់ស្លាកលេខ បាត់ដំបង1AC-9576 ឯរថយន្តបង្ក ជាប្រភេទសណ្តោង ម៉ាកហ៊ីយ៉ាប់ដាយ ព៌ណត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ3B-1611 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រា ។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមកពីយកក្មួយស្រី របស់ខ្លួនអាយុ៦ឆ្នាំចេញពីសាលារៀន ជិះតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅ កើតបំណងទៅផ្ទះវិញ ឯរថយន្តបង្កបើកស្របទិសគ្នា ។ លុះដល់ចំណុចកើតហេតុ ស្រាប់តែត្រូវបានរថយន្តបង្ក បុកពីក្រោយ និងកិនតែម្ដង ។ ក្រោយពេលកើតហេតុ សាកសពរបស់យុវតីរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅធ្វើបុណ្យនៅឯស្រុកកំណើត ចំណែក ឯបុរសជាអ្នកបើកបររថយន្តបង្ក ត្រូវបានឃាត់ខ្លួន ៕ ដោយ ៖ ប៉ូច គឹមសុខ