ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករា បានចុះមកត្រួតពិនិត្យនិងចាត់វិធានការ ចំពោះទីតាំងទទួលផ្ញើម៉ូតូ២៤ម៉ោងលើ ២៤ម៉ោង ក្នុងភូមិសាស្ត្រខណ្ឌ ៧មករា ក្រោយពីអាជ្ញាធរធ្វើការអប់រំណែនាំ និង កិច្ចសន្យាជាច្រើនលើកច្រើនសារមកហើយ តែម្ចាស់អាជីវកម្មទាំងនោះមិនចូលរួមសហការជាមួយអាជ្ញាធរឡើយ។
កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ៩យប់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោក ថេង សុថុល អភិបាលខណ្ឌ៧ មករា ចុះអនុវត្តចាត់វិធានការក្ដៅទៅលើទីតាំងទទួលផ្ញើម៉ូតូ ២៤ម៉ោងទាំង៣៨ទីតាំងក្នុងមូលដ្ឋានខណ្ឌ៧មករា ដែលរំលោភលើផ្លូវសាធារណៈ ដោយលើកយកម៉ូតូដែលទទួលផ្ញើដាក់លើទ្រូងផ្លូវយកទៅរក្សាទុកនៅសាលាខណ្ឌ ៧មករា ដើម្បីចាត់ការតាមនីតិវិធី។
លោក ថេង សុថុល អភិបាលខណ្ឌ ៧មករា បានឱ្យដឹងថា មុនឈានដល់វិធានការនេះកម្លាំងអាជ្ញាធរសង្កាត់ និង ប៉ុស្តិ៍រដ្ឋបាលបានធ្វើការអប់រំណែនាំ និង កិច្ចសន្យាជាច្រើនលើកច្រើនសារមកហើយ ជាមួយម្ចាស់អាជីវកម្ម តែម្ចាស់អាជីវកម្មនៅតែមិនចូលរួមសហការជាអាជ្ញាធរ រហូតដល់រដ្ឋបាលខណ្ឌក៏បានអញ្ជើញម្ចាស់ប្រកបអាជីវកម្មទទួលផ្ញើម៉ូតូ ២៤ ម៉ោងទៅធ្វើការអប់រំណែនាំ និង កិច្ចសន្យាផងដែរ។
លោកអភិបាលខណ្ឌ បានបន្តទៀតថា ទីតាំងទទួលផ្ញើម៉ូតូ ២៤ម៉ោងនៅក្នុងមូលដ្ឋានខណ្ឌ ៧មករា មានចំនួន៣៨ទីតាំង ដោយក្នុងនោះដែរលោកបានបញ្ជាក់ថាមិនមែនមិនឱ្យពួកគាត់ប្រកបអាជីវកម្មទទួលនោះទេ តែលោកអភិបាលសំណូមពរឱ្យម្ចាស់អាជីវកម្មចូលរួមសហការជាមួយអាជ្ញាធរ គឺមិនអនុញ្ញាតឱ្យទទួលផ្ញើម៉ូតូដាក់លើទ្រូងផ្លូវឡើយ។ ប៉ុន្តែអនុញ្ញាតឲ្យដាក់ត្រឹមចិញ្ចើមផ្លូវនៅពេលយប់ រហូតដល់ម៉ោង ៦ ទៅ ម៉ោង៧ព្រឹក នៅលើចិញ្ចើមផ្លូវត្រូវយកម៉ូតូចេញអស់ពីចិញ្ចើមផ្លូវ៕(ដោយសំណាង៩៦)