ភ្នំពេញ ៖ បុរសម្នាក់ចង់ធ្វើអត្តឃាតដុតសម្លាប់ខ្លួនឯង តែត្រឹមរលាករងរបួសធ្ងន់ បន្ទាប់ពីបានដុតម៉ូតូឆេះខ្លួនលើម៉ូតូកើតឡើងកាលពីវេលាម៉ោង ០៩ព្រឹកថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ នៅចំណុចដីឡូតិ៍ទុកចោល ផ្លូវបេតុង ភូមិបឹងឈូកសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ តាត់ សំ ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរអ្នកកាន់ឃ្លាំងសម្ភារឡាន នៅដេប៉ូខ្សាច់ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣ជីអឺអឺ០ផ្លូវ៥៣បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមការបំភ្លឺពីឈ្មោះ លឹម តៃ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកចាក់សាំង ស្នាក់នៅ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានឱ្យដឹងថា «នៅវេលាម៉ោង ០៨និង៥០នាទីព្រឹក ថ្ងៃទី ១៨កុម្ភៈ ឆ្នាំ២០២៣ ខ្ញុំបានជិះម៉ូតូយកឥវ៉ាន់ទៅឱ្យគេស្រាប់តែឃើញជនរងគ្រោះអង្គុយលើម៉ូតូតែម្នាក់ឯង នៅកន្លែងកើតហេតុនិយាយទូរសព្ទ, រយៈពេលប្រហែលមួយម៉ោងក្រោយមកខ្ញុំឮគេថា មានឆេះម៉ូតូ ខ្ញុំក៏មកមើលឃើញជនរងគ្រោះដែលអង្គុយលើម៉ូតូនោះកំពុងតែឆេះខ្លួននិងម៉ូតូតែម្តង»។
តាមការបំភ្លឺពីឈ្មោះ កាន់ និត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឱ្យដឹងថា«នៅថ្ងៃទី ១៨កុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០៩ព្រឹក ខ្ញុំកំពុងនៅការដ្ឋានសំណង់ស្ពានកោះនរា ស្រាប់តែមានភ្ញៀវជិះរថយន្តមកប្រាប់ថា មានភ្លើងកំពុងតែឆេះម៉ូតូនៅក្រោមដើមខ្នុរ ខ្ញុំក៏បានឱ្យបុគ្គលិករបស់ខ្ញុំ យករថយន្តពន្លត់អគ្គីភ័យកទៅជួយពន្លត់រួចរាយការណ៍ជូនសមត្ថកិច្ច ហើយជនរងគ្រោះក៏ដឹកយកទៅសង្រ្គោះតែម្តង»។
បើតាមការបំភ្លឺពីឈ្មោះ ប៉ែន យ៉ាន ត្រូវជាប្រពន្ធជនរងគ្រោះបានឱ្យដឹងថា«ប្តីរបស់នាងខ្ញុំនិងក្រុមគ្រួសារពុំដែលមានទំនាស់ពាក្យសម្តីជាមួយគ្នាឡើយ ,ប៉ុន្តែ៣-៤ ថ្ងៃមុនខ្ញុំសង្កេតឃើញប្តីរបស់នាងខ្ញុំមានអាការៈទឹកមុខក្រៀមក្រំខុសប្លែកពីធម្មតា ខ្ញុំសួរគាត់ដែរតែគាត់មិនប្រាប់សោះ ។លុះដល់ថ្ងៃទី ១៨កុម្ភៈឆ្នាំ២០២៣ វេលាម៉ោង ១០និង៣០នាទី ខ្ញុំទទួលដំណឹងថាប្តីខ្ញុំត្រូវបានបញ្ជូនមកមន្ទីរព្រះកុសមៈសង្រ្គោះបន្ទាន់ ដោយសារត្រូវត្រូវភ្លើងឆេះ រួចខ្ញុំនិងក្រុមគ្រួសារមកមន្ទីរពេទ្យមើលគាត់តែម្តង, កន្លងមកប្តីខ្ញុំមានជំងឺទឹកនោមផ្អែមធ្ងន់ លេបថ្នាំជាប្រចាំ»។
បន្ទាប់ពីសមត្ថកិច្ចចម្រុះចុះធ្វើកោសល្យពិច័យ បានសន្និដ្ឋានថា «ជនរងគ្រោះចង់ធ្វើអត្តឃាតដុតសម្លាប់ខ្លួនឯង»។បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ ៕(ដោយ សំណាង៩៦)