ភ្នំពេញ ៖ ក្មេងស្ទាវម្នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូជ្រុលបុកម៉ូតូពលរដ្ឋម្នាក់ បណ្ដាលឱ្យរងរបួសធ្ងន់ដែរ កាលពីវេលាម៉ោង ១១យប់ ថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ ។
ក្រុមក្មេងស្ទាវជិះម៉ូតូ ឌ្រីមC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ តាកែវ 1Z-5779 ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ ឯពលរដ្ឋម្នាក់ជាស្រ្តី ជិះម៉ូតូម៉ាកស្គុតពី ស៊េរីឆ្នាំ២០២២ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JC-9714 រងរបួសធ្ងន់ ។
តាមសម្ដីបុរសម្នាក់បានប្រាប់ឲ្យដឹងថា ក្រុមក្មេងស្ទាវ២នាក់ខាងលើ ជិះម៉ូតូដោះអាវដេញវាយគ្នា តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធីទិសដៅពីលិចមកកើត យ៉ាងលឿន ហើយរ៉េទៅបុកម៉ូតូស្ត្រីរងគ្រោះ ដែលកំពុងធ្វើដំណើរពីកើតមកលិច របួសធ្ងន់ទាំង៣នាក់។ប្រភពពីមន្ទីរពេទ្យលោកសង្ឃ បានឱ្យដឹងថា ក្នុងចំណោម៣នាក់ គឺផុតដង្ហើមម្នាក់ហើយ ជាយុវជន ។
ក្រោយពីកើតហេតុ សមត្ថកិចវាស់វែង យកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុក នៅចរាចរណ៍ភ្នំពេញ ចំណែកសពត្រូវបានតម្កល់ទុក នៅពេទ្យលោកសង្ឃ រង់ចាំសាច់ញាតិមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ធ្នូជ័យ