ភ្នំពេញ ៖ មន្រ្តីជំនាញរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងមន្ត្រីជំនាញរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើការបំផ្លាញចោលសាច់ជ្រូក និងសរីរាង្គជ្រូកបង្កក សរុបប្រមាណ១,៧៦០គីឡូក្រាម នៅទីលានចាក់សម្រាម ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ ។
លោក ហេង មាលី ប្រធានសាខា ក.ប.ប រាជធានីភ្នំពេញ បានឱ្យដឹងថា សាច់ជ្រូក និងសរីរាង្គជ្រូកខាងលើ មានផ្ទុកវីរុសជម្ងឺឆ្លងប៉េសអាហ្រិក ខូចគុណភាព គ្មានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ទេ។ យោងតាមលទ្ធផលវិភាគ របស់មន្ទីរពិសោធន៍វីរុសសាស្ត្រនៃវិទ្យាស្ថានស្រាវជ្រាវ សុខភាពសត្វ និងផលិតកម្មសត្វ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលនាំយកមកបំផ្លាញចោលនាពេលនេះ ត្រូវបាន សមត្ថកិច្ចចម្រុះ បង្ក្រាបបាន ក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យតាមបណ្តាឃ្លាំងស្តុកសាច់ស្រស់ និងបង្កកនៅរាជធានីភ្នំពេញ ក្នុងរយៈពេលកន្លងមកនេះ ។
ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានដាក់បទបញ្ជាដល់ មន្រ្តីក្រោមឱវាទរបស់ខ្លួន ឱ្យបង្កើនសកម្មភាពចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យនិងបង្រ្កាបនូវរាល់ទីតាំង និងមធ្យោបាយដឹកជញ្ជូន និងតម្រូវឱ្យប្រតិបត្តិករអាជីវកម្មនាំចូល ចែកចាយ ផលិតផល សាច់សត្វ ស្រស់ បង្កក និងផលិតផល អំពីសត្វ ត្រូវបង្ហាញលិខិតអនុញ្ញាត ពីស្ថាប័នពាក់ព័ន្ធ ដោយមានភ្ជាប់នូវវិញ្ញាបនបត្រ បញ្ជាក់គុណភាព ពីប្រទេសនាំចេញ និងត្រូវគោរពនិង អនុវត្តតាមលក្ខខណ្ឌតម្រូវនៃការវេចខ្ចប់និងដឹកជញ្ជូន ស្តុក រក្សាទុក រួមទាំងភាពអនុលោមទៅបទប្បញ្ញត្តិជាធរមានផ្សេងទៀតឱ្យបានត្រឹមត្រូវ ៕ ដោយ ៖ គាសំណាង