បរទេស ៖ ប៉ូលិសក្នុងតំបន់បាននិយាយកាលពីថ្ងៃសុក្រទី១៧កុម្ភៈឆ្នាំ២០២៣ថា យ៉ាងហោចណាស់មានមនុស្ស៦នាក់បានបាត់បង់ជីវិតនៅក្នុងការបាញ់ប្រហារជាបន្តបន្ទាប់ នៅក្នុងរដ្ឋមីសស៊ីស៊ីបពី (Mississippi) របស់សហរដ្ឋអាមេរិក។
ប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះទាំងអស់បានស្លាប់នៅតំបន់ក្បែរៗគ្នានៅក្នុងទីប្រជុំជនតូចមួយឈ្មោះថា អាកាប៊ូតឡា (Arkabutla) មានប្រវែងប្រហែល ៧២ គីឡូម៉ែត្រ ពីភាគខាងត្បូងទីក្រុងម៉េមហ្វ៊ីស (Memphis) ក្នុងរដ្ឋថេនណេសស៊ី (Tennessee) ជិតខាង។ ចំណែកជនរងគ្រោះបីនាក់ត្រូវបានប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះចំនួនពីរខ្នងហើយអ្នកផ្សេងទៀតត្រូវបានរកឃើញនៅក្នុងហាងមួយ ក្នុងរថយន្តមួយ និងនៅលើផ្លូវថ្នល់។
ប៉ូលិសបានបញ្ជាក់ប្រាប់ BBC News ថា «ពួកគេបានចាប់ខ្លួនជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់។ ការិយាល័យស៊ើបអង្កេតរដ្ឋកំពុងជួយប៉ូលិសក្នុងតំបន់ក្នុងការស៊ើបអង្កេត។
លោក ថេត រីហ្វ (Tate Reeves) អភិបាលរដ្ឋមីសស៊ីស៊ីបពី បានសរសេរនៅលើ Twitter កាលពីថ្ងៃសុក្រថា«បុរសនោះត្រូវគេជឿថា បានធ្វើសកម្មភាពតែម្នាក់ឯង ប៉ុន្តែមូលហេតុបាញ់ប្រហាររបស់ជននេះនៅមិនទាន់សារភាពនៅឡើយ»។លោករីហ្វបានសរសេរថា «ខ្ញុំនឹងធានាថាធនធានពេញលេញរបស់រដ្ឋនឹងអាចរកបានសម្រាប់មន្ត្រីអនុវត្តច្បាប់ ខណៈយើងបន្តស៊ើបអង្កេតស្ថានភាពនេះ»។
ប៉ូលិសតំបន់ថេតខោនធី (Tate County) លោក ប្រ៊ែដ លេន (Brad Lance) បានប្រាប់វេបសាយ Action News 5 ថា «ខ្មាន់កាំភ្លើងដំបូងបានចូលហាងក្នុងស្រុកមួយហើយបាញ់សម្លាប់បុរសម្នាក់នៅម៉ោងប្រហែល ១១ព្រឹក។ បន្ទាប់មករូបគេបានទៅផ្ទះក្បែរនោះ ហើយបាញ់សម្លាប់ស្ត្រីម្នាក់និងបាញ់របួសប្តី»។
លោកលេនបានបន្ថែមថា តម្រួតបានប្រទះឃើញជនសង្ស័យនៅក្នុងរថយន្តមួយ ដែលត្រូវនឹងការពណ៌នារបស់សាក្សីហើយអាចចាប់បានជនសង្ស័យ បន្ទាប់ពីបើករថយន្តដេញតាមមួយសន្ទុះរួចមក ៕(ប្រែសម្រួលដោយ លោកសំណាង)