បើករថយន្តលឿនពេក ជ្រុលឡើងចិញ្ចឹមថ្នល់បុករះ តូបកាហ្វេនិងបង្គោលភ្លើង

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តលឿនពេករេចង្កូតឡើងលើចិញ្ចើមផ្លូវ រួចបន្តទៅបុកតូបលក់កាហ្វេ តូបលក់ភេសជ្ជៈ និង បង្គោលភ្លើងថ្មបាក់ខ្ទេចខ្ទី កើតឡើងកាលវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រង់ចំណុចជិតស្ពានទី១  ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា អ្នកបើករថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយបានទុករថយន្ត ម៉ាកឡិចស៊ីស LX470 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AA-1846 នៅកន្លែងកើតហេតុ រួចម្ចាស់រត់បាត់តែម្ដង។

ប្រភពបន្តថា ដំបូងគេឃើញរថយន្ត Lexus LX470 បើកតាមបណ្ដោយផ្លូវជាតិលេខ ៦ ក្នុងទិសដៅពីត្បូងមកជើងយ៉ាងលឿន ,ខណៈមកដល់ចំណុចកើតក៏រេចង្កូតមកស្ដាំដៃឃើញក៏ជ្រុលឡើងលើចិញ្ចើមផ្លូវទៅបុករះតូបលក់កាហ្វេតូបលក់ភេសជ្ជៈអស់ចំនួនតូបមើលលែងយល់ ព្រមទាំងបុកបង្គោលភ្លើងថ្មមួយដើមបាក់រាបដល់ដី ហើយរថយន្តវិលត្រឡប់ក្បាលទៅទិសខាងត្បូងវិញក៏ជាប់ទៅមុខលែងរួច។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ។ភ្លាមៗគេឃើញអ្នកបើកបរម្នាក់ជាបុរសបានបើកទ្វារចុះរត់ចេញពីកន្លែងកើតហេតុបាត់តែម្ដង ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញខណ្ឌជ្រោយចង្វារបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះមកវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕(ដោយធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *