បាត់ដំបង ៖ មានករណីលោកតាអាចារ្យវត្តម្នាក់ស្លាប់ និង ម្នាក់ទៀតរបួសស្រាល បន្ទាប់ពីម្ចាស់ដើមបុណ្យកាប់ដើមឫស្សីស្រស់ចងក្បាលមេក្រូក្បែរខ្សែភ្លើង បណ្តាលឱ្យឆ្លងចរន្តចូលក្នុងរោងបុណ្យឆក់គ្រោះថ្នាក់ដល់ភ្ញៀវចូលរួម បង្កការភ្ញាក់ផ្អើលកាលពីនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៨និង៣០នាទីព្រឹក នៅចំណុចភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានចាត់ឱ្យកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យ និងកំណត់ ករណីឆក់ខ្សែភ្លើងបណ្ដាលឱ្យស្លាប់ម្នាក់ ជនរងគ្រោះឈ្មោះ វង្ស ចាប ភេទប្រុស អាយុ៦៨ឆ្នាំមុខរបរ អាចារ្យវត្ត រស់នៅភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង និងអ្នករបួសស្រាលម្នាក់ទៀតឈ្មោះ ឡេង ឈន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
លោកអធិការបន្តថា ម្ចាស់ដើមបុណ្យបានយកឫស្សីស្រស់ចងមេក្រូជិតខ្សែភ្លើងនាំឱ្យឆ្លងចរន្ដអគ្គិសនីចូលក្នុងផ្ទះបុណ្យទេីបបណ្តាលឱ្យមានមនុស្សឆក់ស្លាប់ និងរងរបួសស្រាលបែបនេះ។
ក្រោយពីពិនិត្យទីកន្លែងហេតុ និងសាកសពព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានធ្វើការសន្និដ្ឋានបានថា«សពឈ្មោះ វង្ស ចាប នេះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន»។
បច្ចុប្បន្ន សាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនរងគ្រោះរងរបួស ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ៕(ដោយ សំណាង៩៦)