សម្ដេចក្រឡាហោម ស ខេង ចូលរួមក្នុងពិធីឈាបនកិច្ចសព ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ឹម សុផល

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីឈាបនកិច្ចសព ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ឹម សុផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រារព្ធនៅវត្ត ច័ន្ទបុរីវង្សស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ពិធីបុណ្យសពឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ឹម សុផល ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះវនរ័ត កិត្តិបណ្ឌិតណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ។

យោងតាមវិយោគថាក្នុងពិធីឈាបនកិច្ច ឯកឧត្តម ស៊ឹម សុផល កើតក្នុងត្រកូលកសិករ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៥៤នៅភូមិបឹងវែង ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ ឯកឧត្តមបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ ឈាងនារី ក្នុងឆ្នាំ១៩៧៧។ ចំណងដៃមង្គលការក្នុងសម័យខ្មែរក្រហម ឯកឧត្តម ស៊ឹម សុផល និងលោកជំទាវ បានបង្កើតកូនប្រុសស្រីចំនួន២នាក់ រួមមានទី១-លោកជំទាវ ស៊ឹម ផាណុំ និងទី២-ឯកឧត្តម ស៊ឹម សុរិទ្ធី។ 

ក្រោយថ្ងៃរំដោះ៧មករា ឯកឧត្តមបានចូលរួមបម្រើជាតិ និងប្រជាជនចាប់តាំងពីឆ្នាំ១៩៨០ រហូតដល់ថ្ងៃអនិច្ចកម្ម នាឆ្នាំ២០២៣នេះ។ ឯកឧត្តម ស៊ឹម សុផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាពកាលពីថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២និង៤៥នាទីរសៀល ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។ 

នៅក្នុងសាររំលែកមរណទុក្ខ ផ្ញើជូនលោកជំទាវ ឈាង នារី ព្រមទាំងក្រុមគ្រួសារ សម្ដេចក្រឡាហោម ស ខេងក្នុងនាមលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារនៃ ក្រសួងមហាផ្ទៃបានសម្ដែងក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់ ឯកឧត្តម ស៊ឹម សុផល និងចូលរួមរំលែកសេចក្ដីទុក្ខព្រួយដ៏ក្រៀមក្រំជាមួយលោកជំទាវ និងក្រុមគ្រួសារ។

សម្ដេចបានចាត់ទុកមរណភាព ឯកឧត្តម ស៊ឹម សុផល មិនត្រឹមតែជាការបាត់បង់ដោយសេចក្តី អាឡោះអាល័យបំផុតនូវស្វាមី និងឪពុក ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ របស់លោកជំទាវ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវមន្ត្រីជាន់ខ្ពស់មួយរូប ដែលធ្លាប់បាន បំពេញភារកិច្ចយ៉ាងសកម្មបម្រើប្រជាពលរដ្ឋ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ក្នុងរយៈពេលកន្លងមក និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ស៊ឹម សុផល សូមបានទៅ កាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ (ហួត សម្បត្តិ)

Leave a Reply

Your email address will not be published. Required fields are marked *