ព្រះសីហនុ ៖ ជនសង្ស័យ៣នាក់ ត្រូវបាននគរបាលឃាត់ខ្លួនលើ៣ករណីផ្សេងគ្នា នៅក្រុងព្រះសីហនុ ១ករណី និងនៅស្រុកព្រៃនប់២ករណី រឹបអូសថ្នាំញៀន៤៥កញ្ចប់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី១៦កុម្ភៈឆ្នាំ២០២៣ ។
ករណីទី១-កម្លាំងនគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅភូមិដូងក្រុម១៧ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ នាថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង៤និង៣០នាទីល្ងាច ។
សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ ជុំ ចន្ធូ ភេទប្រុស ឆ្នាំកំណើត១៩៩៨ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្ននៅក្រុមទី១៧ ភូមិ០១ សង្កាត់ ០៤ ក្រុងព្រះសីហនុ មានស្រុកកំណើតខេត្តតាកែវ ។ វត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ៣៥កញ្ចប់ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និង ចាត់ការតាមផ្លូវច្បាប់។
ករណីទី២-កម្លាំងនគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ នាថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៥និង៣០នាទីល្ងាច នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិចំ ការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះចាន់ នុន ហៅដន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងឡាន មានទីលំនៅ ភូមិចំការកៅស៊ូ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០១ កញ្ចប់, ទូរសព្ទដៃចំនួន១គ្រឿង និង ម៉ូតូចំនួន១គ្រឿង។
ករណីទី៣-កម្លាំងនគរបាលជំនាញស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវាលរេញ បន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ពាក់ព័ន្ធគ្រឿងញៀន នាថ្ងៃទី១៥កុម្ភៈឆ្នាំ២០២៣ វេលាម៉ោង៦និង៣០នាទីល្ងាច ។
សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះអ៊ួង ពៅ ភេទប្រុស អាយុ៣៩ឆ្នាំ បើកបរឡានដឹកដី មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដកហូតបានវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៩កញ្ចប់, ទូរសព្ទដៃចំនួន០២គ្រឿង និង ជញ្ជីងថ្លឹងចំនួន១គ្រឿង ព្រមទាំងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នសមត្ថកិច្ច បានបញ្ជូនទៅការិយាល័យជំនាញខេត្តព្រះសីហនុ កសាងសំណុំរឿងតាមនីតិវិធី ៕( ដោយសំណាង៩៦)