ភ្នំពេញ ៖ ស្ពៃក្ដោបខ្មែរជាច្រើនតោន ដែលលោក ឃិត ឈឿន អាណិតជួយទិញពីកសិករម្នាក់ នៅឯខេត្តបាត់ដំបង បានដឹកមកដល់ផ្សារ ខេស៊ី ថែមទៀតហើយ នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។
លោក ឃិត ឈឿន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ជួយចែករំលែកផ្សព្វផ្សាយ និងជួយទិញ ជួយប្រើផលិតផលកសិកម្មខ្មែរយើង ទោះតិចឬច្រើន ក៏យើងបានជួយគ្នា ។ លោកបន្តថា « ពិតជាចង់ជួយគាត់ណាស់ តែម្នាក់ឯងពិតជាមិនអាចជួយបានច្រើនទេ មានតែពឹងបងប្អូនកូនក្មួយជួយគាត់ យើងជួយគ្នាផ្សព្វផ្សាយជួយទិញ ជួយប្រើផលិតផលកសិកម្មខ្មែរយើង តិចច្រើនជួយគ្នាទៅ» ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ កសិករម្នាក់នៅឯខេត្តបាត់ដំបង បានបង្ហោះរូបភាពចំការស្ពៃក្ដោប អមដោយសារថា « ក្ដោបខ្មែរជុញ លក់មិនចេញ ឆ្ងល់ថាក្តោបថៃ វៀតណាម ចិនថ្លៃក៏នៅមានអ្នកទិញ ខ្មែរអើយខ្មែរបើមិនជួយខ្លួនឯង អោយអ្នកណាជួយ និងស្នើសុំក្រសួងកសិកម្ម ជួយលើបញ្ហានេះផង បើជុញហើយសុំកុំនាំចូលអី អាណិតកសិករផង ទ្រលែងរួចហើយ បើថោកហើយលក់មិនចេញទៀត (មួយឆ្នាំជួបថោក2សារ សុទ្ធតែដំណាក់កាលខាតដើម រឿងអីមិនក្រ រឿងអីមិនរត់ចោលស្រុក អនាគតកម្មករស្រុកគេ) ។
ឃើញបែបនេះទើប លោក ឃិត ឈឿន បានអាណិតជួយទិញ ស្ពៃក្ដោបពីកសិករូបនេះ ដើម្បីជួយសម្រាលបន្ទុកកុំឱ្យខាត និងកុំឱ្យបាក់ទឹកចិត្ត ហើយណែនាំកុំឈប់ដាំ ពេលបងប្អូនឈប់ដាំ យើងត្រូវទិញរបស់នាំចូលរហូតហើយ ។ ការទិញផលិតផលខ្មែរ ដូចយើងបានជួយកសិករខ្មែរ ទូរស័ព្ទទំនាក់ទំនង 017 33 53 54 ។ ផ្សារKC មានទីតាំងនៅ ច្រកចូលទល់មុខព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ ទល់មុខបូរីអ័រគីដេ ជិតវត្តតាំងកសាងជើង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ៕ ដោយ ៖ គា សំណាង