បរទេស ៖ អង្គការសហប្រជាជាតិ(អ.ស.ប.)បានបើកការអំពាវនាវសុំប្រាក់ មួយពាន់លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ទី១៦កុម្ភៈឆ្នាំ២០២៣ ដើម្បីជួយអ្នករស់រានមានជីវិតចំនួន ៥,២ លាននាក់ពីការរញ្ជួយដីដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់តួកគី ពោលគឺពីរថ្ងៃបន្ទាប់ពីចាប់ផ្តើមការអំពាវនាវសុំ ៣៩៧ លានដុល្លារដើម្បីជួយប្រជាជនស៊ីរីជិត ៥ លាននាក់ឆ្លងកាត់ព្រំដែន នៅភាគពាយព្យដែលកាន់កាប់ដោយក្រុមឧទ្ទាម។
អ្នកនាំពាក្យរបស់អ.ស.ប លោក ស្តេហ្វេន ឌួចារិក (Stephane Dujarric) ត្រូវបានគេចោទសួរថា«ហេតុអ្វីបានជាការអំពាវនាវសម្រាប់តួកគីផ្តោតទៅលើមនុស្សតែ ៥,២ លាននាក់ នៅពេលដែលយោងតាមអ.ស.បនិងរដ្ឋាភិបាលមនុស្សជាង ១៥ លាននាក់បានរងផលប៉ះពាល់»។ លោកក៏ត្រូវបានគេសួរថា«ហេតុអ្វីបានជាការអំពាវនាវសម្រាប់តួកគីមានទំហំធំជាង ២ ដងកន្លះសម្រាប់ស៊ីរីដើម្បីជួយដល់មនុស្សក្នុងចំនួនស្ទើរតែដូចគ្នា»។
លោកបាននិយាយថា «ការអំពាវនាវសម្រាប់តួកគី ត្រូវបានរៀបចំឡើងក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលតួកគី ដែលកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះ»។
លោកឌួចារិក បន្តថា «នេះគឺជាចំនួនដែលពួកគេគិតឃើញសម្រាប់ការផ្តោតទៅលើមនុស្សដែលត្រូវការជំនួយមនុស្សធម៌បំផុត លឿនបំផុត និងជាកន្លែងដែលអ.ស.បអាចមានប្រសិទ្ធភាពបំផុត ដែលតួកគីមានប្រព័ន្ធស្វែងរកនិងសង្គ្រោះ និងមនុស្សធម៌ដ៏មានប្រសិទ្ធភាព»។
ភាពមិនស្មើគ្នានៃបរិមាណនៃការអំពាវនាវនេះ លោកបាននិយាយថា មូលហេតុមួយផ្នែកគឺថា មានសហគមន៍មនុស្សធម៌ត្រូវបានបង្កើតឡើងយ៉ាងល្អរួចហើយនៅក្នុងប្រទេសស៊ីរី ហើយមុនពេលរញ្ជួយដី មានការអំពាវនាវសុំជំនួយមនុស្សធម៌ចំនួន ៤,៨ ពាន់លានដុល្លារសម្រាប់ស៊ីរីសម្រាប់ឆ្នាំ ២០២៣។ ដូច្នេះមានប្រាក់ជំនួយមនុស្សធម៌រួចហើយសម្រាប់ស៊ីរី ដែលមិនមានសម្រាប់តួកគី ។
លោក អង់តូនីញ៉ូ គូថេរ៉េស អគ្គលេខាធិការអ.ស.ប.បានប្រកាសពីការអំពាវនាវសុំប្រាក់មួយពាន់លានដុល្លារសម្រាប់តួកគី ដោយនិយាយថា «ប្រាក់នេះនឹងអនុញ្ញាតឱ្យក្រុមជំនួយបង្កើនការគាំទ្រយ៉ាងឆាប់រហ័សសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះដែលដឹកនាំដោយរដ្ឋាភិបាល រួមទាំងការផ្តល់អាហារ ការការពារ ការអប់រំ ទឹក និងទីជម្រកដល់អ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីកម្រិត ៧,៨ រិច្ឆទ័រកាលពីថ្ងៃទី ៦ ខែកុម្ភៈ ដែលបានបំផ្លិចបំផ្លាញភាគខាងត្បូងតួកគី និងភាគពាយ័ព្យស៊ីរី»៕(ប្រែសម្រួលដោយ លោកសំណាង)