ភ្នំពេញ ៖ ខ្ចូសស្បូវមួយកន្លែងក្នុងហាងផឹកស៊ី ម្លប់អ័រគីដេ ក្នុងភូមិចំការឳឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យរងនូវអគ្គិភ័យឆាបឆេះដំបូលស្បូវ ដោយសារទុស្សេខ្សែភ្លើង ផ្អើលកម្មករ បុគ្គលិក និង សមត្ថកិច្ច យកបំពង់ពន្លត់អគ្គិភ័យបាញ់ឱ្យរលត់ទៅវិញ កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា ខណៈដែលកម្មករ បុគ្គលិកបម្រើការងារក្នុងហាង ខ្លះមិនទាន់ទាំងងើបពីដំណេកផងស្រាប់តែទុស្សេខ្សែភ្លើងចេញពីបង្គោល ឆេះខ្សែភ្លើងរាលដល់ដំបូលស្បូវ ទើបនាំគ្នាផ្អើលឆោឡោ ហើយនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ភ្លើងឱ្យរលត់ទៅវិញភ្លាមៗ មិនបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ ពោលគឺខូចខាតតែដំបូលស្បូវបន្តិចបន្តួចតែប៉ុណ្ណោះ ។
ភ្លាមប្រជាពលរដ្ឋក៏ដូចជាបុគ្គលិកហាង បានជួយបាញ់ទឹក ដងទឹកទឹកជះមិនឱ្យរាលដាល ។តែទោះជាយ៉ាងក្តី សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ ទៅដល់ទីតាំងកើតហេតុ និងប្រើប្រាស់ទឹកបាញ់មួយរថយន្តថែមទៀត ដើម្បីឱ្យរលត់ជាស្ថាពរ ៕ដោយ សំណាង៩៦