ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចហាងយីហោ007 ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក្រោយធ្វើសកម្មភាព បាញ់សម្លាប់បុរសជនបរទេសម្នាក់ កាលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០ និង៤០នាទីយប់ នៅចំណុចមុខសណ្ឋាគារដឺភិច ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ALEX ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិអង់គ្លេស ,ឯជនគ្រោះឈ្មោះDACKOVI STRAHIJAI ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ស៊ែកប៊ី។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានជិះរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-8021 រត់គេចខ្លួនបាត់ ។
បន្ទាប់ពីកើតមានករណីខាងលើ សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានសហកាជាមួយនគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យ ដោយដកហូតបានអាវុធខ្លីចំនួនមួយដើមម៉ាកRUGER និងវត្ថុតាងមួយចំនួនទៀត ។
ចំពោះជនសង្ស័យបានសារភាពថា «ខ្លួននិងជនរងគ្រោះ ព្រមទាំងសង្សារជនរងគ្រោះ បានទៅផឹកស៊ីជាមួយគ្នា នៅហាង អាមែន នៅម្ដុំផ្សារចាស់ ហើយបន្ទាប់មកពួកខ្លួន ក៏បានឡើងជិះរថយន្ត ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BS-8021 ដើម្បីជូនជនរងគ្រោះទៅសម្រាក»។
ជនសង្ស័យដដែលបន្តថា «ពេលនោះជនរងគ្រោះ ក៏បានចុះពីលើរថយន្ត ដោយទុកកាំភ្លើងខ្លី នៅប្រអប់ដាក់ទឹកក្បែរចង្កឹះលេខរថយន្ត ហើយដើរសំដៅ ទៅមុខសណ្ឋាគារ ដឺភិច រួចក៏ដើរត្រឡប់មកបើកទ្វាររថយន្តបម្រុងចូលរថយន្តវិញរូបខ្លួនក៏យកអាវុធនោះបាញ់ ជនរងគ្រោះចំនួន៣គ្រាប់ រួចក៏ជិះរថយន្តគេចខ្លួន និងដឹកទម្លាក់ឈ្មោះ ផាន់ សុផាត ដែលសង្សារជនរងគ្រោះ ចុះពីលើរថយន្ត នៅមុខផ្សារ អីអន២ ហើយរូបខ្លួនក៏ជិះ រថយន្តបន្តគេចខ្លួនតែម្ដង»។
ជនសង្ស័យបន្តទៀតថា «មូលហេតុដែលរូបខ្លួន សម្លាប់ជនរងគ្រោះ ដោយសារតែកន្លងមកជនរងគ្រោះ តែងតែធ្វើការគំរាម មកលើរូបខ្លួនជាច្រើនលើក ទើបនៅថ្ងៃកើតហេតុ មានឱកាសល្អ ក៏សម្រេចចិត្ត បាញ់ទៅតែម្ដងទៅ»។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជូនស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕ ដោយ ៖ សំណាង៩៦