ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចហាងយីហោ 007 ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយធ្វើសកម្មភាព បាញ់សម្លាប់បុរសជនបរទេសម្នាក់ កាល ថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២២ វេលាម៉ោង១០ និង៤០នាទីយប់ នៅចំណុចមុខសណ្ឋាគារ ដឺភិច ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យមាន ឈ្មោះ ALEX ភេទប្រុស អាយុ37ឆ្នាំ ជនជាតិអង់គ្លេស ឯជនគ្រោះឈ្មោះ DACKOVI STRAHIJAI ភេទប្រុសអាយុ37ឆ្នាំ ជនជាតិ ស៊ែកប៊ី។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានជិះ រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BS-8021 រត់គេចខ្លួនបាត់ ។
បន្ទាប់ពីកើតមានករណីខាងលើ សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យ ដោយដកហូតបានអាវុធខ្លីចំនួន01ដើម ម៉ាកRUGER និងបត្ថុតាងមួយចំនួនទៀត ។
ជនសង្ស័យបានសារភាពថា ខ្លួននិងជនរងគ្រោះ ព្រមទាំងសង្សារជនរងគ្រោះ បានទៅផឹកស៊ីជាមួយគ្នា នៅហាង អាមែន នៅម្ដុំផ្សារចាស់ ហើយបន្ទាប់មកពួកខ្លួន ក៏បានឡើងជិះរថយន្ត ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BS-8021 ដើម្បីជូនជនរងគ្រោះទៅសំរាក។
ពេលនោះជនរងគ្រោះ ក៏បានចុះពីលើរថយន្ត ដោយទុកកាំភ្លើងខ្លី នៅប្រអប់ដាក់ទឹកក្បែរចង្កឹះលេខរថយន្ត ហើយដើរសំដៅទៅមុខសណ្ឋាគារ ដឺភិច រួចក៏ដើរត្រលប់មកបើកទ្វារ ថយន្តបំរុងចូលរថយន្តវិញ រូបខ្លួនក៏យកអាវុធនោះបាញ់ ជនរងគ្រោះចំនួន03គ្រាប់ រួចក៏ជិះរថយន្តគេចខ្លួន និងដឹកទំលាក់ឈ្មោះ ផាន់ សុផាត ដែលសង្សាជនរងគ្រោះ ចុះពីលើរថយន្ត នៅមុខផ្សារ អីអន2 ហើយរូបខ្លួនក៏ជិះ រថយន្តបន្តគេចខ្លួនតែម្ដង ។
មូលហេតុដែលរូបខ្លួន សំលាប់ជនរងគ្រោះ ដោយសារតែកន្លងមកជនរងគ្រោះ តែងតែធ្វើការគំរាម មកលើរូបខ្លួនជាច្រើនលើកទើបនៅថ្ងៃកើតហេតុ មានឱកាសល្អ ក៏សម្រេចចិត្ត បាញ់ទៅតែម្ដង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជូនស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕ ដោយ ៖ សំណាង៩៦