បាត់ដំបង ៖ លោកវរសេនីយ៍ឯក ឈឿន គឹមសុង នាយកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានដឹកកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងនគរបាលជំនាញ បានចុះប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើងបង្កភាពអនាធិបតេយ្យតាមដងផ្លូវដោយមានកាំបិត ដាវ ពូថៅ កាលពីថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រង់ចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុង- ខេត្តបាត់ដំបង ។
សមត្ថកិច្ចនិយាយកាលពីថ្ងៃទី១៥កុម្ភៈថា ក្មេងទំនើងទាំង០៦នាក់រួមមាន ១-ឈ្មោះ ផាន សុណាភូ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ,២-ឈ្មោះ សុង សីហា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ , ៣-ឈ្មោះ យុន រតនា ហៅភ័ក្រ អាយុ១៥ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ,៤-ឈ្មោះ យុន រតនី ហៅងិត ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង, ៥-ឈ្មោះ សែម បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបងនិង៦-ឈ្មោះ វៀត វត្តន: ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន កាំបិតកែច្នែចំនួន ០២ដើម,កាំបិតប៉័ងតោចំនួន០១ដើម,ពូថៅចំនួន ០១ដើម ,ដែកបំពង់ទីបចំនួន ០១ដើម,ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ បាត់ដំបង 1M-2802 ,ម៉ូតូម៉ាកស៊ូស៊ូគីវីវ៉ា ពណ៌ក្រហម ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ បាត់ដំបង 1M-0495 ។
បច្ចុប្បន្ន សមត្ថកិច្ចការិយាល័យជំនាញបានកសាងសំណុំរឿងដេីម្បីចាត់ការបន្តតាមនីតិវិធី៕(ដោយ សំណាង៩៦)