បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពបុរសម្នាក់ មានសភាពស្អុយរលួយ មិនស្គាល់អត្តសញ្ញាណនៅចំណុចវាលស្មៅអូរគៀប ភូមិសាស្រ្តភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសារដាច់បាយដាច់ទឹក។នេះបើយោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ។
លោកវរសេនីយ៍ត្រី រិន ឡឹប នាយប៉ុស្តិ៍ឃុំស្លក្រាម បានឱ្យដឹងនាថ្ងៃទី១៦កុម្ភៈនេះថា នៅចន្លោះម៉ោង១១ និង៣០នាទីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ មានប្រជាពលរដ្ឋឈ្មោះ ឡុង គឹមឡាង ភេទប្រុស អាយុ១៨ ត្រូវជាកូនឈ្នួលដាំបាយឱ្យតៃកុងអេស្កាវ៉ាទ័រ របស់ឈ្មោះ ព្លេន សាលឿន បានប្រទះឃើញមនុស្សស្លាប់ម្នាក់ មានសភាពរលួយនៅចំណុចអូរគៀបភូមិសាស្រ្តឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ សពភេទប្រុស អាយុចន្លោះ៥០ទៅ៦០ឆ្នាំ ស្លៀកខោកីឡាពណ៌ ខៀវឆ្នូតពណ៌ក្រហម អាវដៃវែងការ៉ូពណ៌ស-ខ្មៅ។
លោកនាយប៉ុស្តិ៍ឃុំស្លក្រាម បញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ច បានបង្កើតគណៈកម្មការត្រួតពិនិត្យសាកសព មានការចូលរួមពីលោក ហឿង សរ ពេទ្យមណ្ឌលសុខភាពឃុំស្លក្រាម លោកវរសេនីយ៍ត្រីសៀង សុំ នាយផ្នែកយុត្តិធម៌ លោកអនុសេនីយ៍ឯក កាន សំអូន នាយរងផ្នែកពិនិត្យវិភាគ អាជ្ញាធរមូលដ្ឋាន។
យោងតាមការត្រួតពិនិត្យសាកសព សមត្ថកិច្ច បានបញ្ជាក់ថា «ជនរងគ្រោះស្លាប់ដោយសារដាច់បាយដាច់ទឹកបណ្ដាលឱ្យកើតខ្យល់ មិនជាប់ពាក់ព័ន្ធនឹងបទល្មើសឃាតកម្មទេ»៕(ដោយ សំណាង៩៦)