ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធគ្រឿងញៀន នៅក្រុងតាខ្មៅ

កណ្ដាល ៖ ជនសង្ស័យ៤នាក់ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួន នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១១យប់ នៅចំណុចក្រោមស្ពានព្រែកសំរោង ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះ នី ណយ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មុខរបរកម្មករឃ្លាំងជី, ២-ឈ្មោះ ប៊ុន ថេង ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង មុខរបរកម្មកឃ្លាំងជី, ៣-ឈ្មោះ រឿន សុខណែម ភេទប្រុស អាយុ៤៤ឆ្នាំស្នាក់នៅបន្ទប់ជួលភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មុខរបរកម្មកឃ្លាំងជី និង ៤-ឈ្មោះធឿន គង់ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មុខរបរកម្មកឃ្លាំងជី ។

វត្ថុតាងចាប់យករួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន៥កញ្ចប់តូច, ទូរសព្ទចំនួន០៣គ្រឿង(ម៉ាកiPhone 5 ពណ៌ស(ខូច) និងម៉ាក NOKIA អ៉ិនចុចពិលចំនួន០២ ពណ៌ខៀវ, លុយខ្មែរចំនួន៨៧០០រៀលនិងម៉ូតូចំនួន០២គករឿង(ម៉ាកគុបជ្រុង និងម៉ាកគុបមូល)។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុកម្លាំងនគរបាលផ្នែកជំនាញគ្រឿងញៀនបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ប៉ុស្តិ៍តាខ្មៅ ចេញល្បាតដល់ចំណុចកើតហេតុខាងលើក៏បានប្រទះឃើញជនសង្ស័យ៤នាក់កំពុងអង្គុយលេងលើគ្រែក្រោមស្ពានព្រែកសំរោង។ ដោយមានការសង្ស័យ កម្លាំងនគរបាល ក៏បានឃាត់សួរនាំ ឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន៥កញ្ចប់ នៅក្នុងខ្លួនឈ្មោះប៊ុន ថេង ដែលលាក់ទុកនៅក្នុងហោប៉ៅខោមុខខាងស្ដាំ។ ចំណែកឈ្មោះ នី ណយ មាន៣កញ្ចប់ លាក់ទុកនៅក្នុងហោប៉ៅខោមុខខាងឆ្វេង។


នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យបានឆ្លើយសារភាពថា«ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៥កញ្ចប់នេះពិតជារបស់ពួកខ្លួនពិតប្រាកដមែន ដែលបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះមានអាយុប្រហែល២៦ឆ្នាំ នៅម្ដុំភូមិអាចម៍កុក(បឹងឈូក )ក្នុងតម្លៃប្រាំពីរម៉ឺនរៀល ដោយឈ្មោះ នី ណយ ទិញ០៣ កញ្ចប់ក្នុងតម្លៃ៥០០០០រៀល និងឈ្មោះប៊ុន ថេងទិញ០២កញ្ចប់ក្នុងតម្លៃ២០០០០រៀល ពិតប្រាកដមែន»។


ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ចូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ (ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *