បាត់ដំបង ៖ លោកវរសេនីយ៍ឯក ឡុង យោធាវីរ: ជាអធិការស្រុកឯកភ្នំ ដឹកនាំកម្លាំងនគរបាលជំនាញស្រុកឯកភ្នំ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន បុរសម្នាក់ពីបទ«រក្សាទុកចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន»កាលពីថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៦និង៣០នាទីល្ងាច ស្ថិតនៅចំណុចភូមិព្រែកឆ្ដោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
សមត្ថកិច្ចនិយាយនៅថ្ងៃទី១៥កុម្ភៈថា ពិរុទ្ធជនម្នាក់ឈ្មោះ អុក សុភី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ការចាប់ខ្លួនយោងតាមអំណាចដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ៦៨តព្រ ចុះថ្ងៃទី២៤ខែមករា ឆ្នាំ២០២៣ របស់លោក គឹម ហេង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ពីបទ«រក្សាទុកចែកចាយនិងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន» ប្រព្រឹត្តនៅចំណុចភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់រួចហើយ ៕ ដោយ ប៉ូច គឹមសុខ