ថៃ ៖ អ្នកទេសចរបរទេសដែលមកដល់ប្រទេសថៃតាមយន្តហោះនឹងត្រូវបង់ថ្លៃ ៣០០ បាត ឬ ៩ ដុល្លារ ខណៈអ្នកចូលប្រទេសនេះតាមផ្លូវទឹកនិងផ្លូវគោកនឹងត្រូវគិតថ្លៃ ១៥០ បាតក្នុងម្នាក់ៗ។
យោងតាមកាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ថ្លៃចូលលេងថ្មីនេះនឹងចូលជាធរមានចាប់ពីខែមិថុនា បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃបានអនុម័តលើការគិតថ្លៃនេះកាលពីថ្ងៃអង្គារទី១៤ កុម្ភៈ ឆ្នាំ២០២៣ ។
លោក ភីផាត រ៉ាចាគីតប្រាកាន (Phiphat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡា បាននិយាយថាប្រាក់នេះនឹងប្រើប្រាស់សម្រាប់អភិវឌ្ឍតំបន់ទេសចរណ៍ និង ចំណាយលើការធានារ៉ាប់រងគ្រោះថ្នាក់សម្រាប់ជនបរទេស ដែលមិនមានលទ្ធភាពព្យាបាល ។ ភ្ញៀវ ដែលមិនស្នាក់នៅលើសមួយយប់ នឹងត្រូវបានលើកលែងពីថ្លៃសេវានេះ។
ថៃបានពិចារណាគិតថ្លៃភ្ញៀវបរទេសជាយូរមកហើយ ប៉ុន្តែការអនុវត្តរបស់ខ្លួនត្រូវបានពន្យារពេលដោយសារវិបត្តិកូវីដ-១៩ ។ ថៃបានស្វាគមន៍ភ្ញៀវបរទេសចំនួន ១១ លាននាក់កាលពីឆ្នាំមុន ដោយសារគោលនយោបាយទិដ្ឋាការបើកចំហររបស់ខ្លួន។ រដ្ឋាភិបាលថៃ បានដាក់គោលដៅទទួលភ្ញៀវឱ្យបាន៣០លាននាក់នៅឆ្នាំនេះ។
ចំពោះគោលដៅទេសចរណ៍ពេញនិយមជាច្រើននៅជុំវិញពិភពលោកគ្រោងនឹងដាក់ចេញនូវការគិតថ្លៃស្រដៀងគ្នានេះនៅឆ្នាំ ២០២៣ ដើម្បីបង្កើនគុណភាពនៃសេវាកម្មទេសចរណ៍។
ទីក្រុងវេនីស (Venice) នឹងចាប់ផ្តើមគិតថ្លៃភ្ញៀវទេសចរនៅរដូវក្តៅនេះ។ នៅខែវិច្ឆិកា ឆ្នាំនេះ សហភាពអឺរ៉ុបនឹងចាប់ផ្តើមប្រមូលថ្លៃទេសចរណ៍ដូចគ្នាផងដែរ៕ប្រែសម្រួលដោយ លោកសំណាង)