ភ្លើងឆេះផ្ទះស្ត្រីមេម៉ាយរស់នៅម្នាក់ឯង សល់ខោអាវតែមួយចង្កេះ នៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង ៖ ផ្ទះរបស់ស្ត្រីមេម៉ាយមួយខ្នង ត្រូវភ្លើងឆេះម៉ត់គ្មានសល់ ដែលគេមិនអាចជួយធ្វើអន្តរាគមន៍បាន កើតឡើងកាលពីថៃ្ងពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ពេលវេលាម៉ោង៣ទៀបភ្លឺ នៅចំណុចភូមិក្តុលអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះពាង ឈៀង ភេទស្រី អាយុ៦១ឆ្នាំជាស្ត្រីមេម៉ាយរស់នៅតែម្នាក់ឯង ស្ថិតនៅភូមិក្តុលអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ផ្ទះត្រូវភ្លើងឆេះមានទំហំ ៤ ម៉ែត្រគុណនឹង៥ ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី លាយស្លឹកត្នោត។ 

សម្ភារឆេះអស់រួមមាន អង្ករ ១៥ គីឡូក្រាម ,សម្ភារប្រើប្រាស់មានចាន ឆ្នាំង កន្ទេលខ្នើយជាដើម ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ប៉ុន្តែមិនបណ្ដាលឱ្យគ្រោះថ្នាក់អាយុជីវិតដល់ម្ចាស់ផ្ទះនោះឡើយ ៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *