ភ្នំពេញ ៖ ជនសង្ស័យជាក្មេងទំនើងទាំង១០នាក់ ដែលបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ០២ករណីផ្សេងគ្នា នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញប្រាប់ឱ្យដឹងថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៩និង២០នាទីយប់ កម្លាំងជំនាញព្រហ្មទណ្ឌបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់៤នាក់ នៅចំណុចម្តុំផ្សារមិតថោន ផ្លូវ២០០២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ និងជនបរទេសតាមដងផ្លូវក្នុងរាជធានីភ្នំពេញ)ចំនួន ០៣ ករណីផ្សេងគ្នា ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បន្តថា ជនសង្ស័យទាំង០៤នាក់រួមមាន ១- ឈ្មោះគិត សុម៉េង ហៅយ៉ាគើ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ រស់នៅក្នុង ភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកទឹកឈូ ខេត្តកំពត,២-ឈ្មោះ ថេង ចាន់វីរៈបុត្រ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ គ្មានមុខរបរពិតប្រាកដរស់នៅក្នុង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ,៣-ឈ្មោះ ជ័យ សុខឆាយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ៤៩សេ ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក និង ៤-ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ។វត្ថុតាងចាប់យក ម៉ូតូ០១គ្រឿងម៉ាកហុងដា ដែលជនសង្ស័យជិះធ្វើសកម្មភាព។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បន្តថា ដោយឡែក០១ករណីទៀតគឺជនសង្ស័យជាក្មេងទំនើង០៦នាក់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌបង្ក្រាបចាប់ខ្លួនបានជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយពីក្រុមបង្កទាំងនេះបានប្រើអំពើ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដុំថ្មគប់ និងប្រើកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះម្នាក់រងរបួសធ្ងន។
ជនរងគ្រោះ ឈ្មោះ លី ហុងភាវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្លូវបេតុង ភូមិធម្មត្រី សង្កាត់ព្រៃស ខណ្ឌដង្កោ ជាសិស្សសាលាទួនហ្វា បណ្តាលឱ្យរងរបួសយ៉ាងដំណំ ប្រព្រឹត្តនៅចំណុចកន្លែងលក់ហ្វឺ ផ្លូវលេខ៣០៤ ភូមិ៥ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២រសៀល កន្លងទៅ៕(ដោយសំណាង៩៦)