ភ្នំពេញ ៖ ម្ចាស់ផ្ទះម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ហៅទៅសាកសួរ បន្ទាប់ពីមានទំនាស់គ្នាជាមួយអ្នកជួលផ្ទះហើយអ្នកជួលផ្ទះ បានប្តឹងដល់សមត្ថកិច្ច ដោយចោទប្រកាន់ថា «បានដកកាំភ្លើងភ្ជង់ គំរាមបាញ់សម្លាប់»។
ហេតុការណ៍ទាស់គ្នាខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹក ថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅចំណុចផ្ទះជួលមួយកន្លែងតាមផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម្ចាស់ផ្ទះជួល បានទាស់គ្នា ជាមួយនារីដែលជានិស្សិតស្រីម្នាក់ រួមទាំងម្តាយ ដែលការទាស់ទែង គ្នានេះត្រូវគេដឹងថា ដោយសារតែម្ចាស់ខឹងនារីជាអ្នកជួលផ្ទះរូបនោះរើអី វ៉ាន់ចេញ ពីផ្ទះជួលនោះ ព្រោះមានកន្លែងតូចចង្អៀតសម្រាប់ដាក់ម៉ូតូ។
ប្រភពបន្តថា ការទាស់ទែងគ្នាបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនារី ដែលជានិស្សិតមកជួលផ្ទះស្នាក់នៅក៏បានប្តឹងទៅសមត្ថកិច្ចដោយចោទប្រកាន់ថា «ម្ចាស់ផ្ទះបានដកកាំភ្លើងខ្លី គំរាមបាញ់សម្លាប់នាង»ហើយលោកម៉ូវ ម៉ានិត អភិបាលខណ្ឌ រួមទាំងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំ កម្លាំងទៅអន្តរាគមន៍ភ្លាមៗ ហើយបានអញ្ជើញភាគីទាំង២មកសាកសួរ ។
យោងតាមស្រ្តីម្នាក់ដែលជាម្តាយរបស់និស្សិត ដែលមកជួលផ្ទះស្នាក់នៅបានឱ្យដឹងថា គាត់ត្រូវបានកូនស្រីហៅមកពីស្រុកឱ្យមកជួយរើអីវ៉ាន់ចេញ ពីផ្ទះជួយខាងលើ។ នៅពេលកំពុងតែរើអីវ៉ាន់ស្រាប់តែម្ចាស់ជួល មករករឿងដេរប្រមាថនិង ដាក់ទំនាយថា «ចេញទៅឱ្យរថយន្តបុកស្លាប់» ក៏កើតទៅជាទំនាក់គ្នាតែម្តង ។
នគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានការដកកាំភ្លើងភ្ជង់គំរាម សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយសាកសួរ បំភ្លឺ និងបានអញ្ជើញ ភាគីទាំង២មកសួរនាំ តែពុំមានការដកកាំភ្លើងគំរាមនោះទេ ហើយ សមត្ថកិច្ចក៏បានសម្របសម្រួលគ្នា ហើយឱ្យអ្នកទាំង២ត្រឡប់ទៅវិញ ៕(ដោយសំណាង៩៦)