ឃាត់បុរសម្នាក់បន្លំជាមន្ត្រីឥណទានធនាគារឆបោកប្រាក់ស្ត្រីម្នាក់អស់លុយជាង៤ពាន់ដុល្លារ

តាកែវ ៖ បុរសម្នាក់បានបន្លំជាមន្ត្រីឥណទានធនាគារឆបោកប្រាក់របស់ស្ត្រីម្នាក់អស់លុយចំនួន៤១៤០ ដុល្លារអាមេរិកត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលត្រពាំងធំខាងជើង ឃាត់ខ្លួននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៤ល្ងាច នៅចំណុចឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។

នគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ដំបូងនគរបាលបានទទួលពាក្យបណ្ដឹង ០១ច្បាប់ពីឈ្មោះ សោម បុល ភេទស្រីអាយុ ៥១ ឆ្នាំ រស់នៅភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ បានប្ដឹងទៅលើឈ្មោះ ជិន សុខជា ហៅសុផល ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅនៅភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ពីបទ«ប្រើល្បិចក្លែងខ្លួនជាមន្ត្រីឥណទានធនាគារឆបោកប្រាក់របស់គាត់អស់ចំនួន៤១៤០ ដុល្លារអាមេរិក កាលពីកំឡុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២២»។

នគរបាលបន្តថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ និងដឹកនាំសម្របសម្រួលដោយ លោក ព្រះរាជអាជ្ញា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៤ល្ងាចសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជិន សុខជា ហៅសុផល រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី ៕ដោយ សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *