គ្រោះថ្នាក់ចរាចរណ៍៣លើក បាត់បង់ជីវិត២នាក់, របួស២នាក់នៅខេត្តព្រះសីហនុ

ព្រះសីហនុ​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣លើក នាព្រឹកថ្ងៃទី១៣កុម្ភៈឆ្នាំ២០២៣នេះ នៅក្រុងព្រះសីហនុ១លើកនិងនៅស្រុកព្រៃនប់១លើក បណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និង ២នាក់រងរបួស ។

ករណីទី១-មានករណីរថយន្តមួយគ្រឿងម៉ាក LUXS NX200T ពណ៌ស ពាក់ស្លាកលេខ កម្ពុជា76.95.18 បើកធ្លាក់អូរ ស្ថិតនៅតាមផ្លូវ២ធ្នូ ត្រង់ចំណុចកែងអេម៉ារីអូ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ​ កាលពីម៉ោង៣យប់ទៀបភ្លឺឆ្លងចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។

សមត្ថកិច្ចបានឱ្យដឹងថា អ្នកបេីកបររថយន្តឈ្មោះ ជុំ សីហា ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅ សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន រាជធានីភ្នំពេញ រងរបួសស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចបានស្ទូចយករថយន្តនេះ មករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុចាត់ការបន្តនៅពេលក្រោយ ។

ករណីទី២-មានករណីបុរសម្នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ហើយត្រូវបានសាក្សីប្រទះឃើញសព នៅព្រឹកព្រលឹមថ្ងៃទី១៣កុម្ភៈឆ្នាំ២០២៣ តាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៣-១៩៤ ស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ទុយ កុសល ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅផ្ទះ៦៧៧ ភូមិស្ដៅកន្លែង៤ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជិះម៉ូតូ ម៉ាកHONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1H-2429 ។

សមត្ថកិច្ចសន្និដ្ឋានថា «អាចជាករណីរថយន្តបុកម៉ូតូជនរងគ្រោះ ហើយភាគីរថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ បើករត់គេចបាត់។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ករណីនេះកម្លាំងជំនាញកំ​ពុងស្រាវជ្រាវស្វែងរកភាគីខាងរថ​យ​ន្ដដើម្បីអនុវត្តនីតិវិធីច្បាប់។

ករណីទី៣-មនុស្សម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង ម្នាក់ទៀតរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍រថយន្តToyota Hilux Revo ពាក់ស្លាកលេខ ភ្នំពេញ2AY-2856 បុកម៉ូតូ២គ្រឿងតាមផ្លូវជាតិលេខ៤ នៅវេលាម៉ោងជាង៧ព្រឹកថ្ងៃទី១៣កុម្ភៈឆ្នាំ២០២៣ នៅក្បែរស្ពានទឹកសាប ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ និង របួស ជាភាគីខាងម៉ូតូ ក្រោយកើតហេតុ នគរបាលបានឃាត់ខ្លួនអ្នកបើកបររថយន្ត នាំយកមកដោះស្រាយ និងចាត់ចែងបន្តតាមនីតិវិធី។ 

យ៉ាងណាក៏ដោយ ភ្លាមៗនោះសមត្ថកិច្ចនៅមិនទាន់ដឹងពីដើមហេតុ និងឈ្មោះភាគីពាក់ព័ន្ធនៅឡើយ ដោយរង់ចាំការស្រាវជ្រាវនិងសាកសួរបន្ត៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *