បន្ទាយមានជ័យ ៖ មានករណីគ្រោះអគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ លើផ្ទះពលរដ្ឋជាប់ៗគ្នានៅតាមបណ្តោយផ្លូវជាតិលេខ៥ ខាងត្បូងផ្លូវទល់មុខធនាគារអេស៊ីលីដាក្រុងប៉ោយប៉ែតក្នុងភូមិអូរជ្រៅសង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។
ព័ត៌មានបឋមពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយមានហេតុការណ៍កើតឡើង កងកម្លាំងនគរបាល កងរាជអាវុធហត្ថយោធា មន្ត្រីអាជ្ញាធរ ក្រុមសង្គ្រោះនិងរថយន្តពន្លត់អគ្គីភ័យជាង១០គ្រឿង បាននិងកំពុងពន្លត់ ហើយបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យបន្ថែមពីខេត្តនិងស្រុក ក្រុងនានា ដើម្បីជួយអន្តរាគមន៍ពន្លត់អគ្គីភ័យនេះ ។
យោងតាមប្រភពអ្នកឃើញហេតុការណ៍និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនិយាយថា ភ្លើងបានចាប់ផ្តើមឆេះចេញពីផ្ទះតៀមរបស់ឈ្មោះ លី តៀងសេង លក់គ្រឿងអគ្គិសនី អេឡិចត្រូនិក ហើយបានរាលទៅដល់ផ្ទះជិតខាងមួយចំនួនទៀតដែលជាប្លុកលំនៅឋាន និង ហាងអាជីវកម្មដ៏មមាញឹកមួយដែរ នៅក្នុងក្រុងប៉ោយប៉ែតនេះ ។
ប្រភពមន្ត្រីបានបន្តថា ព័ត៌មានបឋមនេះនឹងត្រូវផ្ទៀងផ្ទាត់ក្នុងពេលបន្ទាប់ ។ ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ គេឃើញឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត,លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីកងកម្លាំងទាំង៣ប្រភេទ ក្រុមអ្នកជួយសង្គ្រោះ និងរថយន្តពន្លត់អគ្គីភ័យរបស់ផ្នែកឯកជន ក៏បានទៅដល់និងដឹកនាំប្រតិបត្តិការនេះផងដែរ៕(ដោយ សំណាង៩៦)