កណ្ដាល ៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង១១ព្រឹក នៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយបានបញ្ជូនទៅសាលាដំបូងនាថ្ងៃទី១១កុម្ភៈ ចាត់ការបន្ត២នាក់និងម្នាក់ទៀតប្រគល់ឱ្យអាណាព្យាបាលអប់រំបន្ត ។
សមត្ថកិច្ចនិយាយថា ជនសង្ស័យ០៣នាក់រួមមាន ១-ឈ្មោះ ម៉ាត់ តាំ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រែកសំរោងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ, ២-ឈ្មោះ ចាន់ សុភី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ និង ៣-ឈ្មោះ ពៅ កានីន ភេទប្រុស អាយុ១០ឆ្នាំ នៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ វត្ថុតាងចាប់យក ម្សៅក្រាមពណសថ្លាចំនួន១២កញ្ចប់ ។
សមត្ថកិច្ចបន្តថា ដំបូងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា នៅចំណុចកើតហេតុខាងលើមានការជួញដូរគ្រឿងញៀនលោក មេប៉ុស្តិ៍ បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុហើយបានឃាត់មនុស្ស៣នាក់ ខាងលើ រួចធ្វើការឆែកឆេរលើខ្លួនជនសង្ស័យមិនមានថ្នាំញៀនទេ។បន្ទាប់មកកម្លាំងសមត្ថកិច្ចបានធ្វើកាឆែកឆេររកឃើញថ្នាំញៀននៅផ្ទះរបស់ឈ្មោះម៉ាត់ តាំ ចំនួន១២ កញ្ចប់ រួចនាំជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ,ជនសង្ស័យឈ្មោះពៅ កានីន បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា«ខ្លួនធ្លាប់បានកាន់ថ្នាំញៀនលក់ឲ្យឈ្មោះម៉ាត់ តាំ ចំនួន០៣លើកមកហើយក្នុង០១លើកចំនួន០៥កញ្ចប់ ក្នុង០១កញ្ចប់លក់បានមួយម៉ឺនប្រាំពាន់រៀលពិតប្រាកដមែន និងបានឆ្លើយថា ថ្នាំញៀនទាំង១២កញ្ចប់ខាងលើដែលសម្ថកិច្ចរកឃើញនេះជារបស់ឈ្មោះម៉ាត់ តាំ យកមកទុកលក់បន្ត»ចំណែកជនសង្ស័យឈ្មោះ ចាន់ សុភី បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា«ខ្លួនមិនដែលកាន់ថ្នាំញៀនលក់ឱ្យអ្នកណាទេ។តែឈ្មោះ ម៉ាត់ តាំ ធ្លាប់ប្រើខ្លួនឱ្យយកលុយទៅដាក់នែតហើយឱ្យថ្នាំញៀនប្រើប្រាស់ពិតប្រាកដមែន»។
ចំពោះជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ចំណែកឈ្មោះ ពៅ កានីន ភេទប្រុសអាយុ១០ឆ្នាំ នោះត្រូវបានលោកព្រះរាជអាជ្ញាអនុញ្ញាតឱ្យអាណាព្យាបាលធានាយកទៅធ្វើកាអប់រំបន្ត៕ ដោយធ្នូជ័យ