ភ្នំពេញ ៖ បុរស២នាក់បានលបចូលផ្ទះមន្ត្រីយោធាប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែត្រូវម្ចាស់គេទាន់ ក៏ហៅសមត្ថកិច្ចមកឃាត់ខ្លួនបានម្នាក់,រត់រួចម្នាក់ នៅផ្ទះគ្មានលេខ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ នាថ្ងៃទី ១១កុម្ភៈឆ្នាំ២០២៣វេលាម៉ោង២និង៣០នាទីរសៀល ។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ គង់ ម៉ាណែត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះ អេង ប៉ាវ ភេទប្រុស អាយុ២៨ឆ្នាំជនជាតិ ឭខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះចាក់សោទ្វារផ្ទះកើតហេតុ ទុកចោល រួចទៅរស់នៅផ្ទះផ្សេង, ស្រាប់តែមានជនសង្ស័យ០២នាក់ ឈ្មោះ អេង ប៉ាវ និងឈ្មោះ ថា ជិះម៉ូតូម៉ាកហុងដាធូដេ ពណ៌ខៀវ ផ្លាកលេខ១II-០៥៧១ មកឈប់ក្បែរផ្ទះកើតហេតុ រួចនាំគ្នាដើរចូលផ្ទះជនរងគ្រោះ រកលួចទ្រព្យសម្បត្តិ ។
ពេលនោះជនរងគ្រោះមកទាន់ក៏ទូរសព្ទ រាយការណ៍ប្រាប់សតម្ថកិច្ចចុះទៅឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ អេងប៉ាវ រួមនឹងវត្ថុតាងម៉ូតូ១គ្រឿងជាជិះធ្វើសកម្មភាព, កូនសោតាន់០៥-ទួរណឺវ៉ីស០១ រួចបញ្ជូនមកទីស្នាក់ការប៉ុស្តិ៍និរោធសាកសួរនិងចាត់ការតាមនីតិវិធី ។ចំណែកបក្ខពួកឈ្មោះ ថា រត់ គេចខ្លួនបាត់៕ដោយធ្នូជ័យ