បរទេស ៖ រុស្ស៊ីបានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ ខណៈលោកប្រធានាធិបតី ចូ បៃដិន បានប្រកាសថា «លោកនឹងប្រារព្ធខួបមួយឆ្នាំចាប់តាំងពីការលុកលុយ ដោយធ្វើទស្សនកិច្ចនៅប្រទេសប៉ូឡូញ ដែលជាអ្នកជិតខាងរបស់រដ្ឋាភិបាលក្រុងគៀវ»។ នេះបើតាមការប្រកាសរបសអ៊ុយក្រែន កាលពីថ្ងៃសុក្រទី១០កុម្ភៈឆ្នាំ២០២៣ ។
សេចក្តីរាយការណ៍បានឱ្យដឹងថា ការវាយប្រហារពីតំបន់ទីក្រុងខាគីវ (Kharkiv) ភាគខាងកើតរហូតដល់តំបន់អ៊ីវ៉ាណូហ្វ្រែងគីវសក៍ (Ivano-Frankivsk) ភាគខាងលិច គឺមួយថ្ងៃគត់ បន្ទាប់ពីប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរទៅកាន់ទីក្រុងព្រុចសែល ដើម្បីបញ្ចុះបញ្ចូលមេដឹកនាំសហភាពអឺរ៉ុប សម្រាប់អាវុធរយៈចម្ងាយឆ្ងាយនិងយន្តហោះចម្បាំង។
លោកហ្សេលេនស្គីបាននិយាយថា «មីស៊ីលរបស់រុស្ស៊ីបានហោះរំលងពីលើអតីតសហភាពសូវៀត ម៉ុលដាវី និងសមាជិកណាតូ រ៉ូម៉ានី ខណៈហោះឆ្ពោះមកកាន់អ៊ុយក្រែន» ទោះបីជារដ្ឋាភិបាលក្រុងប៊ូការ៉េសបានបដិសេធការអះអាងនេះក៏ដោយ។
ខណៈជម្លោះបង្ហូរឈាមជិតឈានដល់ខួបមួយឆ្នាំរបស់ខ្លួននៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ សេតវិមានបាននិយាយថាលោកបៃដិននឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញដែលជាសម្ពន្ធមិត្តរបស់ណាតូនៅថ្ងៃទី ២០-២២ ខែកុម្ភៈ។
សេតវិមានបានឱ្យដឹងថា លោកបៃដិននឹងធ្វើសុន្ទរកថាមួយដើម្បីសម្គាល់ «ការឈ្លានពានដ៏ឃោរឃៅនិងគ្មានញញើតរបស់រុស្ស៊ីមកលើអ៊ុយក្រែន ដោយរៀបរាប់អំពីរបៀបដែលសហរដ្ឋអាមេរិក ប្រមូលផ្តុំពិភពលោកដើម្បីគាំទ្រប្រជាជនអ៊ុយក្រែន ខណៈពួកគេការពារសេរីភាពនិងលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ»។
វិមានក្រឹមឡាំងកាលពីថ្ងៃសុក្រក៏បានប្រកាសដែរថា «ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីននឹងថ្លែងសុន្ទរកថាប្រចាំឆ្នាំទៅកាន់ប្រជាជាតិរបស់គាត់នៅថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ២០២៣»ផងដែរ ។
រុស្ស៊ីបានកំណត់គោលដៅវាយប្រហារទ្រង់ទ្រាយធំចុងក្រោយលើអ៊ុយក្រែនកាលពីចុងខែមករា គឺប៉ុន្មានថ្ងៃបន្ទាប់ពីសម្ពន្ធមិត្តលោកខាងលិចបានយល់ព្រមផ្តល់រថក្រោះធុនធ្ងន់ដល់រដ្ឋាភិបាលក្រុងគៀវ។
លោកហ្សេលេនស្គីបានហៅការវាយប្រហារថ្មីរបស់រុស្សីថា «ជាការប្រជែងជាមួយអង្គការណាតូ។នេះគឺជាភេរវកម្មដែលអាចនិងត្រូវតែបញ្ឈប់»។
ចំណែកក្រសួងការពារជាតិរ៉ូម៉ានីបាននិយាយថា ខ្លួនបានរកឃើញ គោលដៅពីលើអាកាសដែលបាញ់ចេញពីសមុទ្រខ្មៅពីកប៉ាល់សហព័ន្ធរុស្ស៊ី ប៉ុន្តែគ្មានចំណុចណាដែលវាប្រសព្វជាមួយដែនអាកាសរបស់រ៉ូម៉ានីទេ។
ក្រសួងការពារជាតិម៉ុលដាវីបានបញ្ជាក់ថា មីស៊ីលរុស្ស៊ីបានឆ្លងកាត់ដែនអាកាសរបស់ខ្លួន ដោយបន្ថែមថា «ខ្លួននឹងកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី»៕(ប្រែសម្រួលដោយ លោកសំណាង)