ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ក្នុងចំណោម៦នាក់ ត្រួវបានកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខ បង្ក្រាបបាននៅវេលាម៉ោង៣អធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងភូមិសាស្រ្តសង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ ។
សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌ បានប្រាប់ឱ្យដឹងថា កម្លាំងរបស់លោកបានល្បាតក្នុងមូលដ្ឋាន ស្រាប់តែឃើញម៉ូតូអូសរ៉ឺម៉កជិះគ្នា៤នាក់ ( ក្នុងនោះមានស្ត្រីម្នាក់ ) ដោយមានការសង្ស័យបានឃាត់សួរនាំ ស្រាប់តែជនសង្ស័យបីនាក់ ជាបុរសបានរត់ និងបាញ់មួយគ្រាប់គំរាមកុំឱ្យសមត្ថកិច្ចដេញតាម ។
ប្រភពបន្តថា ជនសង្ស័យទាំងនោះ បានផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋ ត្រូវប្រជាពលរដ្ឋនាំគ្នាទាញដំបងដេញវ៉ៃ ក៏ត្រូវជនសង្ស័យដកកាំភ្លើងភ្ជង់និងបាញ់ឡើងលើ ទើបប្រជាពលរដ្ឋនិងសមត្ថកិច្ចដកថយមួយជំហានសិន ។
បន្ទាប់មក សមត្ថកិច្ចបានរុករកនិងពួនស្ទាក់ស្ទើរគ្រប់ច្រកល្ហក ក៏ទៅប្រទះជួប ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង បានបោះប្រដាប់កាច់សោកម៉ូតូចោល បើម៉ូតូរត់គេច តែគេចមិនរួច ក៏ត្រូវសមត្ថកិច្ចចាប់បាន ។
ជាលទ្ធផលសមត្ថកិច្ច ចាប់ក្រុមទី១បានស្រ្តីម្នាក់ ដកហូតម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ប្រដាប់កាច់សោកម៉ូតូ និងដាវសាំម៉ូរ៉ៃ២ដើម ហើយ៣នាក់ទៀតរត់បាត់ និងក្រុមទី២ ចាប់បានទាំងពីរបាក់ ដកហូតម៉ូតូមួយគ្រឿង និង ប្រដាប់កាច់សោកម៉ូតូ ។ ក្រុមជនសង្ស័យ ត្រូវបានសាកសួរនិងបញ្ជូនទៅតុលាការតាមនីតិវិធី ៕ ដោយ ៖ ធ្នូជ័យ