ភ្នំពេញ ៖ យុវជនម្នាក់បានបាត់បង់ជីវិត និងយុវជនម្នាក់ទៀត រងរបួសធ្ងន់ ខណៈជិះម៉ូតូត្រូវរថយន្តដឹកដី កៀរនិងកិន កាលវេលាម៉ោង១និង៤០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រង់ចំណុចស្តុបអូរបែកក្អម អតីតស្តុបណូគា តាមបណ្ដោយផ្លូវ២៧១ កែងផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះមានឈ្មោះ សេត សាលី ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកដឹកជញ្ជូន តាមអនឡាញស្នាក់នៅបន្ទប់ជួល បានបាត់បង់ជីវិត ចំណែកអ្នកជិះពីក្រោយ រងរបួសធ្ងន់ មានឈ្មោះ វីន អាយុប្រហែល២០ឆ្នាំ ត្រូវជាមិត្តភក្ខិនឹងគ្នា។ អ្នកទាំង២ ជិះម៉ូតូម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JW-1246 ចំណែកឯរថយន្តដឹកដីម៉ាកDONGFENG ពណ៌ស ពាក់ស្លាកលេខ ពណ៌លឿង AT22.3.1846 របស់ ក្រុមហ៊ុន ទ្រីស៊ូម៉ីដឹកជញ្ជូន បើកបរដោយបុរសម្នាក់រត់បាត់ ។
តាមប្រភពបានប្រាប់ថា គេឃើញរថយន្តដឹកដី និងម៉ូតូរងគ្រោះ បើកតាមបណ្ដោយផ្លូវ ២០០៤ ក្នុងទិសដៅ ពីលិចមកកើត ស្របទិសគ្នា ខណៈមកដល់ចំណុចកើត ក៏បត់ស្ដាំមិនប្រយ័ត្នទៅកៀរម៉ូតូ បណ្ដាលឱ្យដួល និងកិនចំយុវជនម្នាក់តែម្ដង ។ មិត្តភក្ខិជនរងគ្រោះនិយាយថា ជនរងគ្រោះទើបចេញពីក្នុងពិធី ខួបកំណើតមិត្តភក្កិ នៅផ្លូវ២០០៤ ។
ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយកមធ្យោបាយទាំងពីរគ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយ គ្នានៅ ពេលក្រោយ ៕ ដោយ ៖ធ្នូជ័យ