ភ្នំពេញ ៖ អ្នករត់តាក់ស៊ីម្នាក់អះអាងថា ខ្លួនត្រូវបានក្រុមជនសង្ស័យបំណងប្លន់រថយន្តនិងទ្រព្យសម្បត្តិ តែមិនបានសម្រេច កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ និងបង្កឱ្យរថយន្តទៅបុករបាំងថ្ម នៅផ្លូវទួលពង្រ ចំណុចហួសស្តុបថ្មីប្រមាណ២០០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះបានរងរបួសផ្នែកខាងមុខ ជាម្ចាស់រថយន្តតូយូតាព្រូស ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BA-0575 ឯជនសង្ស័យមានគ្នា៣នាក់ រត់គេចខ្លួនពីកន្លែងកើតហេតុអស់ ។
តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យមានគ្នា៣នាក់ បានហៅរថយន្តរបស់គាត់ ជិះពីក្រុងតាខ្មៅ មកផ្សារទួលពង្រ ខណៈមកដល់ចំណុចកើតខាងលើ ពួកវាប្រាប់ឲ្យឈប់រថយន្តដើម្បីឈឺនោម និងធ្វើសកម្មភាពយក ខ្សែប្រាំងកង់មករិតកគាត់ តែសំណាងល្អរិតចំមាត់ ក៏ប្រតាយប្រតប់គ្នា ធ្វើឲ្យរថយន្តរេចង្កូត បុករថយន្តធន់ធំពីក្រោយ និងរេបុកថ្មនៅចិញ្ចើមផ្លូវខ្ទេចរថយន្តទៅមុខលេងរួច ។ ឃើញដូច្នោះ ពួកជនសង្ស័យបានរត់បាត់អស់ ចំណែកឯរថយន្តធន់ធំ បន្ទាប់ពីដឹងរឿងក៏បើកចេញទៅបាត់ដែរ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ជូនមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីឲ្យសមត្ថកិច្ចស្រាវជាវ ចាប់ជនសង្ស័យ ៕ ដោយ ៖ ធ្នូជ័យ